Close

រដ្ឋាភិបាលទម្លាក់ថវិកា ៣០លានដុល្លារ បន្ថែមដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋាភិបាលទម្លាក់ថវិកា ៣០លានដុល្លារ បន្ថែមដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ រដ្ឋាភិបាលទម្លាក់ថវិកា ៣០លានដុល្លារ បន្ថែមដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា នៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ ស្របពេលដែលប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួនជួបបញ្ហាប្រឈមពីការធ្លាក់ថ្លៃស្រូវ។

លោក បណ្ឌិត កៅ ថាច បានឱ្យដឹងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារបន្ថែម ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ

លោកបណ្ឌិតបញ្ជាក់ថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ ចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិ បាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និងដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា។

ជាមួយគ្នានេះ លោកបន្ថែមថា គិតមកទល់ពេលនេះ ទុនពិសេសដែលបានទម្លាក់មានទំហំទឹកប្រាក់ជាង ២០០លានដុល្លារ ក្នុងនោះទុនវិនិយោគប្រមាណ ៣០លានដុល្លារប៉ុណ្ណោះ ក្រៅពីនោះគឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់។

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារបន្ថែម ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ

លោកបណ្ឌិតបានពន្យល់ថា «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ ទៅលើវិស័យកសិកម្មជា ពិសេសប្រជាកសិករ ហើយយើងឃើញថានៅសម័យកូវីដមានទុនច្រើនណាស់ ដែលបានទម្លាក់ដើម្បីឱ្យកសិករមានមានលំនឹងជីវភាព ដែលអាចរស់នៅបាន មិនធ្លាក់ក្រោមបន្ទាត់ក្រីក្រ ឬធ្លាក់ក្រោមបន្ទាត់ក្រីក្រតិចតួច ពោលគឺ មានទុនជាច្រើនដែលបានដាក់ចេញមក មានទាំងបន្លែ សាច់ ការចិញ្ចឹមសត្វ និងផ្សេងៗថែមទៀត»។

សូមជម្រាបថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤៕