អភិបាលខេត្តបាត់ដំបងដឹកនាំរៀបចំកសាងឡើងវិញ និងកែលម្អបន្ថែមនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ
បាត់ដំបង៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ចុះពិនិត្យទីតាំង ជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដើម្បីរៀបចំកែលម្អការងារសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ ។
លោក សុខ លូ បានថ្លែងថា ការចុះពិនិត្យនេះ ដើម្បីរៀបចំកសាងឡើងវិញ និងកែលម្អបន្ថែមនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង។
លោកបន្ថែមថា ក្នុងនោះមាន ការកសាងបង្ហើយព្រះអង្គធំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ខឿនសួនច្បារ និងរៀបចំសំណង់មិនរៀបរយមួយចំនួនជុំវិញបរិវេណជើងភ្នំសំពៅ ដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
តំបន់រមណីយដ្ឋានភ្នំសំពៅ ជារមណីយដ្ឋានមួយ ដែលមានទេសភាពស្រស់ស្អាត និងជាកន្លែងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែ ។
រមណីយដ្ឋានេះ មានទីតាំងស្ថិត នៅភូមិសំពៅ ឃុំសំពៅ ស្រុក បាណន់ ខេត្តបាត់ដំបង និង ជារមណីយដ្ឋានប្រវត្តិសាស្ត្រ បែបធម្មជាតិ ដែលអាចមើលឃើញវាល ស្រែដ៏ធំល្វឹងល្វើយ ពីកំពូលភ្នំ មានចម្លាក់ព្រះពុទ្ធបដិមា មានកន្លែងសក្ការ:បូជា សម្រាប់ភ្ញៀវទេសចរ អុជធូបសុំសេចក្តីសុខ ជាពិសេស គឺមានកន្លែងសម្រាប់ពួកគាត់ មកទស្សនាសត្វប្រជៀវហើរ ចេញពីរូងភ្នំជាហ្វូងៗ ដែលពិតជាមានភាពស្រស់ស្អាតនិងទាក់ទាញខ្លាំង៕