ប្រទះឃើញសត្វក្រៀល ២២ ក្បាលនៅលំផាត់
រតនគិរី៖ ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់កាលពីចុងខែធ្នូ ឆ្នាំ ២០២៤ បានប្រទះឃើញសត្វក្រៀលចំនួន ២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន ៨ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់ ឱ្យដឹងថា ចំនួននេះ គឺមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រក និងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន១៦ក្បាលប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ ២០២៥ ដែលពោពេញទៅដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត។
សត្វក្រៀលទាំង ២២ ក្បាល រួមទាំងកូនៗដ៏គួរឱ្យស្រឡាញ់របស់ពួកវាទាំងនេះ ត្រូវបានសង្កេតឃើញហោះហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីយ៉ាងរីករាយ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាកំណត់ត្រាថ្មីមួយនៅក្នុងរដូវកាលនេះ។
ដែនជម្រកសត្វព្រៃលំផាត់ បានក្លាយជាទីតាំងដ៏ពេញនិយមមួយក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលសត្វក្រៀលបានជ្រើសរើសបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងារ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន USAID មរតកបៃតង និង មូលនិធិភាពជាដៃគូសំរាប់ប្រព័ន្ធអេកូឡូស៊ីដែលរងការគម្រាមកំហែង បាននិងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វក្រៀលទាំងនេះ រួមមានការតាមដានការពារសំបុកសត្វ ការល្បាតព្រៃឈើ កម្មវិធីកសិកម្មដែលមានមេត្រីភាពចំពោះសត្វព្រៃ និងសកម្មភាពជាច្រើនផ្សេងទៀត។
កម្មវិធីអភិរក្សសត្វក្រៀលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលត្រូវបានជំរុញដោយការអនុវត្តគម្រោងរេដបូកលំផាត់ ដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ជីវៈចម្រុះ ការពារវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចក្នុងតំបន់ និងការរស់នៅប្រកបដោយបរិយាកាសល្អតាមរយៈការអភិរក្សព្រៃឈើឱ្យនៅគង់វង្ស។
សត្វក្រៀល បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង ក៏ប៉ុន្តែប្រភេទសត្វក្រៀលនៅអាស៊ីអាគ្នេយ៍ដែលរួមបញ្ចូលសត្វក្រៀលតំបន់ទន្លេមេគង្គផងដែរនោះ កំពុងឈានទៅរកការផុតពូជ ប្រសិនបើមិនមានការការពារទេនោះ ដោយពួកវាត្រូវបានគេរកឃើញថាមានកាច់សំបុកចំនួនប្រហែលតិចជាង ៥០ សំបុកប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារការបាត់បង់ទីជម្រក និងកត្តាគម្រាមកំហែងផ្សេងៗទៀត៕