អ្នកសុំទានជាជនជាតិថៃ ខ្មែរ និងបរទេសសរុប ១២នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាងកក
បាងកក៖ មន្ត្រីអន្តោប្រវេសន៍របស់ប្រទេសថៃ បានដើរប្រមូល និងចាប់ខ្លួន អ្នកសុំទានជាជនជាតិថៃ ខ្មែរ និងបរទេសចំនួន១២នាក់ផ្សេងទៀត ដើម្បីបោសសម្អាតអ្នកសុំទាននៅទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ និងស្តារមុខមាត់វិស័យទេសចរណ៍។
តាមការចុះផ្សាយរបស់កាសែត Bangkok Post ឱ្យដឹងថា អ្នកសុំទានជនជាតិថៃម្នាក់ត្រូវបានគេរកឃើញមានលុយជាង ៣០០,០០០បាតជាប់នៅនឹងខ្លួន និងប្រហែលមួយលានបាតនៅក្នុងគណនីធនាគារ។
មន្ត្រីអន្តោប្រវេសន៍ ប៉ូលិស Lumpini និងមន្ត្រីសុខុមាលភាពសង្គមត្រូវបានបញ្ជូនទៅត្រួតពិនិត្យនៅតំបន់សេដ្ឋកិច្ចរបស់ទីក្រុងបាងកកនៅតាមផ្លូវ Sukhumvit ពីផ្លូវបំបែក Asok ដល់តំបន់ Nana កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការត្អូញត្អែរថាអ្នកសុំទានជាច្រើនបានកើនឡើងនៅតាមបណ្តោយផ្លូវនេះ ដែលធ្វើឲ្យខូចមុខមាត់ទេសចរណ៍របស់ប្រទេស។
ប្រតិបត្តិការនេះដឹកនាំដោយលោក ប៉ូល លីសៀ ពុងសោមបាត នាយរងការិយាល័យអន្តោប្រវេសន៍ផ្នែកទី១ និងលោក Thapanee Sirisomboon ប្រធានមជ្ឈមណ្ឌលគាំពារជនទុរគតទីក្រុងបាងកក បានឃាត់ខ្លួនអ្នកសុំទានជាជនជាតិថៃចំនួន ៨នាក់ ខ្មែរ២នាក់ ឡាវម្នាក់ ព្រមទាំងជនជាតិមីយ៉ាន់ម៉ាម្នាក់។
ក្រុមមន្ត្រីនិយាយថា អ្នកសុំទានបរទេសទាំងបួននាក់ត្រូវប្រឈមនឹងការចោទប្រកាន់បន្ថែមពីការចូលប្រទេសថៃខុសច្បាប់។ ក្នុងចំណោមអ្នកសុំទាន ស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេរកឃើញថាមានលុយជាង ៣០០,០០០បាត និងគណនីធនាគារដែលមានប្រហែលមួយលានបាត។ ស្ត្រីរូបនោះបានប្រាប់សមត្ថកិច្ចថា រូបគេបានមកលុយពីការសុំទាន៕