អ៊ីស្រាអែលវាយប្រហារទីតាំងយោធាស៊ីរី
ស៊ីរី៖ យន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងផ្នែកផ្សេងៗគ្នាជាច្រើនកន្លែងដែលជាទីតាំងយោធារបស់ប្រទេសស៊ីរីស្ថិតនៅ ខណៈពេលដែលកងទ័ពជើងគោកបានដណ្តើមយកតំបន់ការពារព្រំដែននៅតំបន់ Golan Heights ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយថា កងនាវាចររបស់ប្រទេសស៊ីរីត្រូវបានបំផ្លាញចោលមួយ កាលពីយប់កាលពីថ្ងៃចន្ទ។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររបស់ខ្លួនមានគោលបំណងរារាំងសម្ភារៈយោធាមិនឱ្យធ្លាក់ចូលទៅក្នុងដៃពួកជ្រុលនិយម ហើយក៏បានបដិសេធដែរថា កងទ័ពរបស់ខ្លួនកំពុងឆ្ពោះទៅកាន់ទីក្រុងដាម៉ាស។
ភ្លាមៗបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក al-Assad នៅចុងសប្តាហ៍ កងកម្លាំងអ៊ីស្រាអែលបានផ្លាស់ទីចូលទៅក្នុងតំបន់ការពារប្រហែល ៤00 គីឡូម៉ែត្រនៅក្នុងប្រទេសស៊ីរី ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៧៣ ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានតាមដានយ៉ាងដិតដល់នូវជម្លោះចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើមក្នុងឆ្នាំ២០១១ និងទូរទស្សន៍ Mayadeen ដែលមានមូលដ្ឋាននៅទីក្រុងបេរូត ដែលមានអ្នកយកព័ត៌មាននៅក្នុងប្រទេសស៊ីរី បាននិយាយថា កងទ័ពអ៊ីស្រាអែលកំពុងបន្តឆ្ពោះទៅកាន់ព្រំដែនប្រទេសស៊ីរីជាមួយ ប្រទេសលីបង់ និងបានចូលដល់ខាងក្នុងចម្ងាយ ២៥ គីឡូម៉ែត្រពីទីក្រុង Damascus ។
ទាក់ទិននឹងបញ្ហានេះ លោក Nadav Shoshani អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ព័ត៌មានដែលផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអំពីរថក្រោះអ៊ីស្រាអែលឆ្ពោះទៅកាន់ក្រុង Damascus គឺមិនពិតនោះទេ ខណៈទាហានអ៊ីស្រាអែលកំពុងឈរជើងក្នុងតំបន់ការពារអ៊ីស្រាអែល។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយថា អ៊ីស្រាអែលមានបំណងបង្កើតតំបន់គ្មានយោធានៅភាគខាងត្បូងប្រទេសស៊ីរី។
យ៉ាងនេះក្តី អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric កាលពីថ្ងៃចន្ទ បាននិយាយថា ការលុកលុយរបស់អ៊ីស្រាអែលចូលទឹកដីប្រទេសស៊ីរី គឺជាការរំលោភលើកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ ១៩៧៤ ហើយបានអំពាវនាវឱ្យទាំងពីរ គាំទ្រ និងអនុវត្តនូវកិច្ចព្រមព្រៀងនេះ ៕