ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅចុងសប្តាហ៍នេះ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ឆ្នាំ២០២៤ ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ដើម្បី ផ្តល់ឱកាសក្នុងការដាក់តាំងបង្ហាញផលិតផលសក្តានុពលជាច្រើនមុខរបស់កម្ពុជា ក៏ដូចជាបង្ហាញពីរបត់នៃការធ្វើពាណិជ្ជកម្មក្នុងយុគសម័យថ្មីតាមប្រព័ន្ធឌីជីថល ដែលជាឱកាសច្បាមយកការពង្រីកទីផ្សារបន្ថែម ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី។
ក្នុងពេលអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» នឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល ក្នុងបរិវេណ បុរីប៉េងហួតបឹងស្នោ ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការ ពេលព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
លោក បន្តថា ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងមានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស។ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិផងដែរ។
អ្នកនាំពាក្យ បន្តថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាស និងឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញសកម្មភាពការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការសាងបណ្តាញរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិអ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។
នៅក្នុងពិព័រណ៍នេះ ក្រៅពីដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ ថ្ងៃទី១-វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ, ថ្ងៃទី២-វេទិកាពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-កូរ៉េ, ថ្ងៃទី៣-កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, ថ្ងៃទី៤-វេទិកាស្តីពីការនាំចេញរបស់កម្ពុជា និងការប្រគំតន្ត្រីខា្នតតូចនៅខាងមុខសាលរៀបចំពិព័រណ៍ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦៖០០ល្ងាច ដល់ម៉ោង៨៖០០យប់ ដើម្បីបង្កើនភាពទាក់ទាញនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ ដែលមានការសម្តែងបែបប្រពៃណី ការសម្តែងបែប Acoustic និងការប្រគុំតន្ត្រីសម័យជាដើម។
លោក បញ្ជាក់ថា ពិព័រណ៍នេះគ្រោងនឹងរៀបចំស្តង់ពិព័រណ៍ចំនួន ២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។ អំឡុងពេល៤ថ្ងៃ នៃការតាំងពិព័រណ៍ និងកម្មវិធីអមនានា ក្រសួងពាណិជ្ជកម្មរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាជាតិ និងអន្តរជាតិ សាធារណជនទូទៅជាពិសេសអ្នកទិញ និងអ្នកចែកចាយមកពីបណ្តាប្រទេសនានា។
សូមបញ្ជាក់ថា ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពិព័ណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន ១៦លើក។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ CTE ក្នុងគោលបំណងធ្វើឱ្យពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតឧត្ដមភាព និងប្រកបដោយភាពទាក់ទាញ ក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់វឹក និងការយកចិត្តទុកដាក់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់៕