Close

ក្រុមឧទ្ទាមស៊ីរីបណ្តេញលោក Assad ចេញពីដំណែង និងដោះលែងអ្នកទោសរ៉ាប់ម៉ឺននាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្រុមឧទ្ទាមស៊ីរីបណ្តេញលោក Assad ចេញពីដំណែង និងដោះលែងអ្នកទោសរ៉ាប់ម៉ឺននាក់ ក្រុមឧទ្ទាមស៊ីរីបណ្តេញលោក Assad ចេញពីដំណែង និងដោះលែងអ្នកទោសរ៉ាប់ម៉ឺននាក់

អាមេរិក៖ រជ្ជកាលជាច្រើនទស្សវត្សរ៍របស់គ្រួសារ Bashar al-Assad នៅក្នុងប្រទេសស៊ីរីបានឈានដល់អវសាន នៅពេលដែលកងកម្លាំងឧទ្ទាមដឹកនាំដោយក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham (HTS) បានដណ្តើមកាន់កាប់ទីក្រុង Damascus បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅទូទាំងប្រទេស។

ក្រោយដួលរលំរដ្ឋបាលដឹកនាំរបស់ខ្លួន លោក Bashar al-Assad បានភៀសខ្លួនទៅរស់នៅក្នុងប្រទេសរុស្ស៊ី ហើយបានលាលែងពីតំណែងប្រធានាធិបតី។ ពេលទៅដល់ប្រទេសរុស្ស៊ី លោក Bashar al-Assad ត្រូវបានសារព័ត៌មាននានានៅទូទាំងពិភពលោកចុះផ្សាយថា ទីក្រុងមូស្គូ បានឧបត្ថម្ភគាំទ្ររបបដឹកនាំរបស់លោកឱ្យមានកម្ទេចក្រុមអ្នកតវា និងបានក្លាយទៅជាសង្រ្គាមស៊ីវិលដ៏កាចសាហាវដែលបានសម្លាប់មនុស្សរាប់សែននាក់ និងបង្កឱ្យមានវិបត្តិជនភៀសខ្លួន។

ជុំវិបញ្ហានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីម្សិលមិញថា «ទីបំផុតរបបលោក Bashar al-Assad បានដួលរលំ» ។ លោកបានបន្ថែមថា «វាជាឱកាសជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរីដែលមានការអត់ធន់ក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសដែលមានមោទនភាពរបស់ពួកគេ « ប៉ុន្តែលោកបានព្រមានថា «វាក៏ជាពេលមួយនៃហានិភ័យ និងភាពមិនច្បាស់លាស់ផងដែរ នៅពេលដែលយើងទាំងអស់គ្នាងាកទៅរកសំណួរថាតើមានអ្វីកើតឡើងបន្ទាប់ពីនោះ។”

ក្រុមឧទ្ទាមស៊ីរីបណ្តេញលោក Assadចេញពីដំណែង និងដោះលែងអ្នកទោសរ៉ាប់ម៉ឺននាក់

ក្រុមគ្រួសារ និងក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ពន្ធនាគារដ៏ល្បីមួយនៅទីក្រុង Damascus ដែលជាកន្លែងដែលអ្នកជាប់ឃុំត្រូវបានគេភ័យខ្លាចថានឹងត្រូវឃុំខ្លួននៅក្រោមដី ខណៈដែលប្រជាជនស៊ីរីជាច្រើនដែលបានបាត់ខ្លួនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad បានចេញមកជួបជុំជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ។ ជាមួយគ្នានោះ អ្នកទោសរ៉ាប់ម៉ឺននាក់ដែលលោក Bashar al-Assad ចាប់ឃុំខ្លួន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាការដួលរលំនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបង្ហាញពីភាពទន់ខ្សោយរបស់រុស្ស៉ី និងអសមត្ថភាពដើម្បីធ្វើសង្រ្គាមនៅសមរភូមិ២ ក្នុងពេលតែមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសរុស្ស៊ីគឺជាអ្នកគាំទ្រដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលលោក Assad តាមរយៈការដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងរបស់ក្រុមឧទ្ទាមស៊ីរីចាប់តាំងពីឆ្នាំ២០១៥ ហើយបានដាក់មូលដ្ឋានទ័ពចំនួន២ នៅលើទឹកដីស៊ីរី។ ប៉ុន្តែ សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង ៣៣ខែមកនេះ បានធ្វើឱ្យរុស្ស៉ីសន្សំសំចៃធនធានសម្រាប់ខ្លួនឯង ដោយមិនអាចបែងចែកធនធានគ្រប់គ្រាន់ទៅជួយរបបលោក Assad នោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ព្រឹត្តិការណ៍នៅស៊ីរី បានបង្ហាញពីភាពទន់ខ្សោយនៃរបបរបស់លោក ពូទីន ដែលគ្មានសមត្ថភាពក្នុងការធ្វើសង្រ្គាម នៅសមរភូមិ២ ក្នុងពេលតែមួយ ហើយបានបោះចោលសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន ដើម្បីអាចបន្តធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន»។

សូមបញ្ជាក់ថា រុស្ស៉ី កាលពីថ្ងៃអាទិត្យ បានទទួលស្គាល់ថាអតីតប្រធានាធិបតីស៊ីរី លោក Assad និងក្រុមគ្រួសារកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរត់ភៀសខ្លួនចេញពីស៊ីរី ក្រោយក្រុមឧទ្ទាមវាយចូល កាន់កាប់រដ្ឋធានីដាម៉ាស៕

ក្រុមឧទ្ទាមស៊ីរីបណ្តេញលោក Assadចេញពីដំណែង និងដោះលែងអ្នកទោសរ៉ាប់ម៉ឺននាក់