Mike Tyson នឹងទទួលបានប្រាក់ចំនួន ៧០០លានដុល្លារ ប្រសិនបើអាចផ្តួល Jake Paul ក្នុងការប្រកួតសងសឹក
សមាជិកម្នាក់នៃរាជវង្ស Saudi Royal តាមសេចក្តីរាយការណ៍ បានផ្តល់ឱ្យកីឡាករប្រដាល់ Mike Tyson ចំនួន ៧០០លានដុល្លារ ដើម្បីផ្តួល Jake Paul ក្នុងការប្រកួតសងសឹក បន្ទាប់ពីមានការរំពឹងទុកខ្ពស់ និងចម្រូងចម្រាសរបស់ពួកគេកាលពីខែមុន។
ការប្រកួតដើមកាលពីខ្សែមុន ដែលត្រូវបានផ្សាយបន្តផ្ទាល់នៅលើ Netflix ទៅកាន់អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក នៅថ្ងៃទី ១៥ ខែវិច្ឆិកា បានបញ្ចប់ដោយជ័យជំនះ បានទៅលើ Jake Paul ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនេះ ត្រូវបានអ្នកគាំទ្រ និងអ្នកលេងល្បែងមួយចំនួនរិះគន់ថា ខ្វះភាពស៊ីសង្វាក់គ្នា ដោយមានការអះអាងថា ប្រហែលជាការរៀបចំលទ្ធផលទុកមុន។
ឥឡូវនេះ Mike Tyson ប្រហែលជាមានឱកាស ក្នុងការសងសឹកឡើងវិញ បន្ទាប់ពីការផ្តល់ជូន ដ៏ច្រើនពីលោក Turki Alalshikh ដែលជាប្រធានក្រុមហ៊ុន Saudi Arabia’s General Entertainment Authority របស់ប្រទេស អារ៉ាប៊ីសាអូឌីត។
យោងតាម FTTV Boxing លោក Turki Alalshikh បានផ្តល់ប្រាក់ចំនួន ៧០០លានដុល្លារ ដល់ Tyson ប្រសិនបើគាត់អាចយកឈ្នះ Paul ដោយផ្តួលដៃគូឱ្យសន្លប់។ លោក Alalshikh ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា ៖«Jake Paul គឺជារឿងកំប្លែងមួយ។ ខ្ញុំផ្តល់ឱ្យ Mike Tyson ៧០០លានដុល្លារ ប្រសិនបើគាត់យល់ព្រមប្រយុទ្ធជាមួយ Jake Paul ម្ដងទៀត ក្នុងការប្រយុទ្ធពិតប្រាកដ ហើយឈ្នះដោយ KO ក្នុងរយៈពេលអតិបរមា៣នាទី»។
មែនទែនទៅ ពាក្យចចាមអារ៉ាមនៃការផ្តល់ជូននេះបានកើតឡើងជាលើកដំបូង កាលពីខែមុន នៅពេលដែលបេក្ខជនសមាជិកសភា Jack Lombardi II បានចែករំលែកព័ត៌មានលម្អិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាពិសេសនៅលើ X អំពីប្រាក់រង្វាន់ចំនួន ៧០០លានដុល្លារ និងលក្ខខណ្ឌតម្រូវឱ្យឈ្នះក្នុងរយៈពេល៣នាទី៕