Close

តម្លៃប្រេងកេីនដល់ ១០៥,៧៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈច្រកសមុទ្រ Hormuz បន្តបិទ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
តម្លៃប្រេងកេីនដល់ ១០៥,៧៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈច្រកសមុទ្រ Hormuz បន្តបិទ តម្លៃប្រេងកេីនដល់ ១០៥,៧៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈច្រកសមុទ្រ Hormuz បន្តបិទ

អាមេរិក៖ តម្លៃប្រេងបានកើនឡើងបន្តនៅថ្ងៃសុក្រ ខណៈការបន្តបិទច្រកសមុទ្រ Hormuz និងការកើនឡើងនៃភាពតានតឹងផ្នែកសមុទ្ររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យទីផ្សារថាមពលពិភពលោកស្ថិតក្នុងភាពតានតឹង ទោះបីមានការពន្យារពេលជាថ្មីនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ក៏ដោយ។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ០,៦៣% ដល់ ១០៥,៧៣ ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០៥:៤៥ GMT ខណៈប្រេងឆៅម៉ាក West Texas Intermediate (WTI) បានកើនឡើង ០,៣២% ដល់ ៩៦,១៧ ដុល្លារ។

ការកើនឡើងនេះកើតឡើង ខណៈជម្លោះនៅមជ្ឈិមបូព៌ាបន្តបង្កការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរឹបអូសនាវាគ្នាទៅវិញទៅមក ខណៈការបិទផ្លូវនាវាបានធ្វើឱ្យច្រកសមុទ្រ Hormuz បន្តបិទ។

តម្លៃប្រេងកេីនដល់ ១០៥,៧៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈច្រកសមុទ្រ Hormuz បន្តបិទ

មុនសង្គ្រាម មានប្រេងប្រមាណ ២០ លានបារ៉ែល និងផលិតផលប្រេងឥន្ធនៈ ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យវាក្លាយជាចំណុចសំខាន់បំផុតមួយសម្រាប់ថាមពលពិភពលោក។

តម្លៃប្រេងនៅតែបន្តកើនឡើង បើទោះបីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល និងលីបង់ បានយល់ព្រមពន្យារពេលបទឈប់បាញ់ បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមាន។ លោកបានសរសេរនៅលើវេទិកា Truth Social ថា «កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អណាស់!»។

បទឈប់បាញ់ ដែលដំបូងកំណត់រយៈពេល ១០ ថ្ងៃ ត្រូវបានរំពឹងថានឹងផ្តល់ពេលវេលាបន្ថែមសម្រាប់កិច្ចពិភាក្សាការទូត ខណៈទីក្រុងវ៉ាស៊ីនតោនក៏បានសន្យាគាំទ្រការពង្រឹងសមត្ថភាពការពាររបស់លីបង់ប្រឆាំងនឹងក្រុមហេសបូឡា។
ទោះជាយ៉ាងណា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់អនុញ្ញាតឱ្យចរាចរណ៍តាមច្រកសមុទ្រ Hormuz ត្រឡប់ទៅធម្មតាវិញឡើយ ខណៈជម្លោះបានបម្លែងទៅជាការបិទផ្លូវនាវា ដោយភាគីទាំងពីរស្វែងរកអានុភាពសេដ្ឋកិច្ចសម្រាប់ដំណោះស្រាយទូលំទូលាយ។

នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានព្រមានថា ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខថាមពលដែលមិនធ្លាប់មានពីមុនមក។

លោកបាននិយាយថា «យើងកំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខថាមពលធំបំផុតក្នុងប្រវត្តិសាស្ត្រ» ហើយបន្ថែមថា បច្ចុប្បន្នបានបាត់បង់ប្រេងប្រមាណ ១៣ លានបារ៉ែលក្នុងមួយថ្ងៃ និងមានការរំខានយ៉ាងខ្លាំងលើទំនិញសំខាន់ៗ។

លោកក៏បានព្រមានថា សង្គ្រាមពាក់ព័ន្ធអ៊ីរ៉ង់ និងការបន្តបិទច្រកសមុទ្រ Hormuz អាចបង្កឱ្យមានវិបត្តិថាមពលដ៏ធំបំផុតមួយដែលពិភពលោកមិនធ្លាប់ជួបប្រទះ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងភាពធន់តាមរយៈប្រភពថាមពលជំនួស៕

តម្លៃប្រេងកេីនដល់ ១០៥,៧៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈច្រកសមុទ្រ Hormuz បន្តបិទ