Close

ជើងខ្លាំងគុនខ្មែរ ៦រូប ត្រៀមចេញទៅប្រកួតនៅអូស្ត្រាលី ចុងឆ្នាំនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ជើងខ្លាំងគុនខ្មែរ ៦រូប ត្រៀមចេញទៅប្រកួតនៅអូស្ត្រាលី ចុងឆ្នាំនេះ ជើងខ្លាំងគុនខ្មែរ ៦រូប ត្រៀមចេញទៅប្រកួតនៅអូស្ត្រាលី ចុងឆ្នាំនេះ

កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ៦រូប នឹងចេញទៅប្រកួតនៅប្រទេសអូស្ត្រាលី ជាលើកទី២ នៅចុងឆ្នាំនេះ ពោលគឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលើកទី១ កាលពីខែវិច្ឆិកា ឆ្នាំមុន។

បើតាមប្រភពក្នុងស្រុក ការចេញទៅប្រកួតលើកទី២នេះ អ្នករៀបចំកម្មវិធីបានសម្រិតសម្រាំងសុទ្ធតែកីឡាករ កីឡាការិនីល្អលំដាប់ជួរមុខ នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមាន អ្នកលេងចិត្តសាស្រ្ត បឺត សង្ឃឹម, ម៉ឺន មេឃា, រឿង សុភ័ណ្ឌ, កញ្ញា ទូច ចាន់វត្តី ធន់ ផានិត និងកីឡាករវ័យក្មេងមួយរូបទៀត។

មែនទែនទៅ នេះជាការចេញទៅប្រកួតនៅលើទឹកដីអូស្ត្រាលីជាលើកទី២សម្រាប់ កីឡាករ បឺត សង្ឃឹម បន្ទាប់ពីលើកទី១ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ រូបគេត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១ ដោយសារបែកជិតភ្នែក មានឈាមច្រើនពេក ចាញ់កីឡាករជើងខ្លាំងថៃ Yothin។

ជើងខ្លាំងគុនខ្មែរ៦រូប ត្រៀមចេញទៅប្រកួតនៅអូស្ត្រាលី ចុងឆ្នាំនេះ

បើតាមអ្នករៀបចំកម្មវិធី ដៃគូរបស់អត្តពលិកគុនខ្មែរមួយចំនួន ត្រូវបានបង្ហាញខ្លួនហើយ ដោយ រឿង សុភ័ណ្ឌ ត្រូវប្រកួតជាមួយកីឡាករម្ចាស់ផ្ទះ Kassan Solati ដណ្តើមខ្សែក្រវាត់ទម្ងន់៧០គីឡូក្រាម ខណៈកីឡាការិនី ទូច ចាន់វត្តី ប៉ះម្ចាស់ផ្ទះដូចគ្នា គឺកីឡាការិនី Kim Townsend ដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់៥៣គីឡូក្រាម។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជាទាំង៦គូ ក្នុងនោះ មាន៣គូគឺជាការប្រកួតដណ្តើមខ្សែក្រវាត់ និង៣គូទៀត ប្រកួតមិត្តភាព។សម្រាប់ការប្រកួតនៅប្រទេសអូស្ត្រាលីលើកទី២នេះ នឹងធ្វើនៅទីក្រុងស៊ីដនី នៅថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤។

គួររំលឹកថា កាលចេញទៅប្រកួតលើកទី១ កាលពីឆ្នាំ២០២៣ មានកីឡាករ៤រូបដូចជា អេ អាំម៉ារីន ភូថង, ពេជ្រ សម្បត្តិ, ម៉ឺន មេឃា និង គឿម សុវណ្ណគីម៕

ជើងខ្លាំងគុនខ្មែរ៦រូប ត្រៀមចេញទៅប្រកួតនៅអូស្ត្រាលី ចុងឆ្នាំនេះ