Close

ក្រសួងបរិស្ថានយល់ស្របទាំងស្រុងចំពោះការធ្វើវិសោធនកម្មច្បាប់ អនុញ្ញាតឱ្យពលរដ្ឋចិញ្ចឹមសត្វព្រៃ ស្របទៅនឹងគោលដៅយុទ្ធនាការអន្ទាក់សូន្យ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងបរិស្ថានយល់ស្របទាំងស្រុងចំពោះការធ្វើវិសោធនកម្មច្បាប់ អនុញ្ញាតឱ្យពលរដ្ឋចិញ្ចឹមសត្វព្រៃ ស្របទៅនឹងគោលដៅយុទ្ធនាការអន្ទាក់សូន្យ ក្រសួងបរិស្ថានយល់ស្របទាំងស្រុងចំពោះការធ្វើវិសោធនកម្មច្បាប់ អនុញ្ញាតឱ្យពលរដ្ឋចិញ្ចឹមសត្វព្រៃ ស្របទៅនឹងគោលដៅយុទ្ធនាការអន្ទាក់សូន្យ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន តាមរយៈអ្នកនាំពាក្យ ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញពីគោលជំហររបស់ក្រសួង ដែលយល់ស្របទាំងស្រុងលើប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ។

បើតាមអ្នកនាំពាក្យរូបនេះ ការអនុញ្ញាតឱ្យពលរដ្ឋចិញ្ចឹមសត្វព្រៃ គឺស្របទៅនឹងគោលការណ៍របស់យុទ្ធនាការអន្ទាក់សូន្យ ដែលមានបំណងបណ្ដុះស្មារតីសាធារណៈជនឱ្យឈប់ដាក់អន្ទាក់សត្វ និងស្រឡាញ់សត្វព្រៃវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងបរិស្ថានយ៉ាងដូច្នេះថា ៖ «ច្បាប់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យមានការចិញ្ចឹមសត្វព្រៃ វាក៏ជាផ្នែកមួយសំខាន់ទៀត ដើម្បីយើងពិនិត្យមើលថា តើសត្វប្រភេទណាដែលយើងអនុញ្ញាតឱ្យចិញ្ចឹម ហើយយើងក៏អាចផ្ដល់ជាការគាំទ្រ ហើយនេះជាការងារបច្ចេកទេសផ្នែកច្បាប់ដែលយើងនឹងពិនិត្យមើលតទៅទៀត»។

ឯកឧត្តមបន្តថា ៖ « នេះក៏ជាផ្នែកមួយដើម្បីធានានូវការចិញ្ចឹមសត្វព្រៃ ព្រោះយើងបានបណ្ដុះស្មារតីប្រជាជនឱ្យស្រឡាញ់ អីចឹងការមិនដាក់អន្ទាក់ ការមិនបរបាញ់ជារឿងមួយ ប៉ុន្តែការចូលរួមនៅក្នុងការអភិរក្សតាមរយៈការចិញ្ចឹម ដោយស្របទៅតាមច្បាប់ វាជាផ្នែកមួយទៀតដែលនឹងទទួលបានការលើកទឹកចិត្ត»។

ដោយឡែក នៅក្នុងយុទ្ធនាការអន្ទាក់សូន្យ ដែលមិនត្រឹមតែមានគោលបំណងដោះអន្ទាក់ចេញពីដែនព្រៃអភិរក្ស ប៉ុន្តែក៏ជាសកម្មភាពពន្យល់ប្រជាជនមូលដ្ឋានឱ្យផ្លាស់ប្ដូរឥរិយាបថ ឈប់ហូបសាច់សត្វព្រៃ ឈប់បរបាញ់សត្វព្រៃ មិនត្រឹមតែប៉ុណ្ណោះក៏ជួយការពារសត្វព្រៃឱ្យគង់វង្ស តាមរយៈការយកមកចិញ្ចឹមផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ផងដែរថា ការណ៍ដែលប្រជាពលរដ្ឋចិញ្ចឹមសត្វព្រៃនេះ គឺជារឿងល្អមួយ ដែលរួមចំណែកក្នុងការការពារប្រភេទសត្វដែលជិតផុតពូជ ឱ្យមានវត្តមាននៅគ្រប់ទីកន្លែង មិនត្រឹមតែនៅក្នុងព្រៃនោះទេ។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១បានបិទបញ្ចប់ហើយ នៅក្នុងឆ្នាំ២០២២ ដោយឡែក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នឹងចាប់ផ្ដើម ដោយបន្តគោលដៅចំនួន៤គឺ ពង្រឹងនូវការគាំទ្រ ពង្រឹងលើការការពារអភិរក្សធនធានធម្មជាតិ ទប់ស្កាត់នូវការជួញដូរសត្វព្រៃដោយខុសច្បាប់ ពង្រឹងការអនុវត្តច្បាប់ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងចុងក្រោយគឺ ផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះសត្វព្រៃ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ញើសារជាសម្លេងទៅដល់មន្ត្រីអនុវត្តច្បាប់អំពីការធ្វើវិសោធនកម្មច្បាប់ជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធិចិញ្ចឹមសត្វព្រៃបាន។ ការចេញបទបញ្ជារបស់សម្ដេចនេះ ធ្វើឡើងក្រោយមានការចុះបង្ក្រាបបទល្មើសកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចុះហាមឃាត់ និងដកហូតសត្វក្ងោកចិញ្ចឹមពីលំនៅឋានរបស់ក្រុមគ្រួសារលោក យឹម សំអឿន នៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕

អត្ថបទទាក់ទង