Close

រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឱ្យឥណ្ឌាជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាមានគោលដៅទេសចរណ៍ដ៏សម្បូរបែប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឱ្យឥណ្ឌាជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាមានគោលដៅទេសចរណ៍ដ៏សម្បូរបែប រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឱ្យឥណ្ឌាជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាមានគោលដៅទេសចរណ៍ដ៏សម្បូរបែប

សៀមរាប៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាឱកាសនៃ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ។

នាឱកាសនោះមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, វិស័យឯកជនកម្ពុជា ឥណ្ឌា ដែលរួមមានសមាគមទេសចរណ៍នៅក្នុងទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា, វិនិយោគិនកម្ពុជា ឥណ្ឌា, សហគមន៍ឥណ្ឌានៅកម្ពុជា និងមគ្គុទេសក៍ទេសចរកម្ពុជា ឥណ្ឌា ។

លោក រដ្ឋមន្ត្រីបានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីប្រទេសឥណ្ឌា។

ជាមួយគ្នានោះ លោក រដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ជាគោលដៅទេសចរណ៍ដ៏សម្បូរបែប និងព្រឹត្តិការណ៍ជាច្រើនរបស់កម្ពុជា ទាំងតាមបណ្តាញសង្គមរបស់ស្ថានទូត និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌា។


ជុំវិបញ្ហានេះដែរ លោក រដ្ឋមន្ត្រីបានស្នើសុំស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ខណៈកន្លងមកភាគីទាំងពីរបានរួមគ្នាប្រារព្ធនៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះ។

លោកថ្លែងថា៖«វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍ បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគាំទ្រដល់យុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤” ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី នៃសាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរ អ៊ែរ»។

បើតាមលោក រដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាការពិតណាស់ កត្តាទាំងនេះហើយ ទើបបានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា “មាសបៃតង” សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។ ជាក់ស្តែង សម្រាប់រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៤,២៩លាននាក់ កើនឡើង ២២,៥ភាគរយ ក្នុងនោះទេសចរឥណ្ឌាមានចំនួនប្រមាណ ៥ម៉ឺននាក់ កើនឡើង ១៥,២ភាគរយផងដែរ។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប បានបដិសណ្ឋារកិច្ច និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២.២៥៥.៧៥០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៦៩៩.៨៥០នាក់ និងភ្ញៀវទេសចរជនជាតិឥណ្ឌាមានចំនួន២៧.៥៧៧នាក់។ ចំពោះកំណើនទេសចរឥណ្ឌា គឺជាកាលានុវត្តន៍សំខាន់ ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀត សម្រាប់មូលដ្ឋាននៃកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជាថែមទៀតផង៕

អត្ថបទទាក់ទង