Close

នគរបាលជាតិអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
នគរបាលជាតិអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ នគរបាលជាតិអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់នៅទូទាំងប្រទេស ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើងដើម្បីរួមចំណែកដល់ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

ការចេញមកអំពាវនាវបែបនេះរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយនៅរាជធានីភ្នំពេញ ដែលអ្នកមើលការខុសត្រូវអគារមួយកន្លែង នៅតាមបណ្ដោយវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មិនបានផ្ដល់កិច្ចសហការល្អជាមួយកម្លាំងនគរបាលជំនាញ ដើម្បីចូលសង្គ្រោះហេតុការណ៍ដែលបានកើតឡើងឡើយ។

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអះអាងថា ការរារាំង ឬមិនបង្កលក្ខណៈឲ្យកម្លាំងសមត្ថកិច្ចជំនាញបំពេញប្រតិបត្តិការ ដែលនាំឲ្យមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង គឺជាអំពើខុសច្បាប់ រហូតត្រូវកំណត់ដាក់ពន្ធនាគារថែមទៀតផង ដោយផ្អែកទៅតាមមាត្រា២៨ នៃច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ ឆ្នាំ២០១៣។

ដោយទទួលបាននូវការណែនាំពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់នៅទូទាំងប្រទេស ត្រូវផ្ដល់កិច្ចសហការឲ្យបានល្អដល់កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍ណាមួយកើតឡើង ដើម្បីសមត្ថកិច្ចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចេញប្រតិបត្តិការសង្គ្រោះ សំដៅធានាដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងសង្គម។

សូមជម្រាបថា យោងតាមច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ មាត្រា២៨ បានចែងថា «អំពើរារាំងបង្កឧបសគ្គដោយចេតនាដល់សកម្មភាពពន្លត់អគ្គិភ័យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ដល់១០លានរៀល»៕

អត្ថបទទាក់ទង