សោកស្តាយ! ដំរីព្រៃចំនួន ០១ក្បាល បានប្រទះឃើញស្លាប់នៅខេត្តមណ្ឌលគីរី
មណ្ឌលគិរី៖ ដំរីព្រៃឬដំរីអាស៊ី ឈ្មោលចំនួន ០១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នភូមិប្រទះឃើញស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។
លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថាមន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័្ចយដោយ ពីមន្រ្តីជំនាញនៃការិយាល័យសង្គ្រោះនិងព្យាបាលសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី។
ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូង ថាដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួន នៅតំបន់នេះ ម្តងមកហើយ កាលពីខែមេសា កន្លងទៅ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការស្លាប់ដំរី១ក្បាលនេះ ថាជាការបាត់បង់ធនធានធម្មជាតិ ដ៏មានសារៈសំខាន់។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ហ្វូងដំរីព្រៃឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគីរី បានបង្ហាញខ្លួនញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ ដែលបង្ហាញពីលទ្ធផលបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយអាចបញ្ជាក់បានថាការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថាន បានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ។
លោក ខ្វៃ អាទិត្យា បានជំរុញឱ្យមានការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វា។ ក្រៅពីជំរុញសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ និងការស្តារទីជម្រក អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យកាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃ ជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈចម្រុះដូចជាភេទសត្វដំរីជាដើម។
សូមបញ្ជាក់ថា ដំរីព្រៃឬដំរីអាស៊ី គឺជាប្រភេទសត្វ ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ ដំរីនៅអាស៊ី មានប្រមាណពី ៤០ ០០០ទៅ ៥០ ០០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។។ យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញ ក្រសួងបរិស្ថាន សហការជាមួយដៃគូ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ក្បាល កំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិនៅ។
ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះ ដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕