Close

ក្រុមហ៊ុនមីនេបៀ របស់ជប៉ុនសាងសង់រោងចក្រថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនមីនេបៀ របស់ជប៉ុនសាងសង់រោងចក្រថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ក្រុមហ៊ុនមីនេបៀ របស់ជប៉ុនសាងសង់រោងចក្រថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) សាខាខេត្តពោធិ៍សាត់ ។

រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួមចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយហេតុផលនៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញរបស់ខេត្តនេះ។

ក្រុមហ៊ុនមីនេបៀ របស់ជប៉ុនសាងសង់រោងចក្រថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់

ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិលេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាមរយៈខេត្តប៉ោយប៉ែត ឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។

ហេតុនេះការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុនដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរជូនដល់ក្រុមហ៊ុនមីនេបៀ ដែលបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល១៤ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុមហ៊ុនថានឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទពិសោធន៍វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់ជាគំរូ។
ក្រុមហ៊ុនមីនេបៀ របស់ជប៉ុនសាងសង់រោងចក្រថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់

បន្ថែមនៅក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបដល់អង្គពិធីអំពីកិច្ចខិតខំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការវិនិយោគឯកជន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តបន្តលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ដោយផ្តល់នូវកិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគដ៏សម្បូរបែប។

នៅត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីការរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាប្រព័ន្ធ cdcIPM ដែលមានចរិកលក្ខណៈជាយន្តការច្រកចេញចូលតែមួយ សម្របសម្រួលដល់អន្តរក្រសួង-ស្ថាប័នពេញលេញតាមរយៈការធ្វើសន្ធានកម្មចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក សំដៅដោះស្រាយនូវបញ្ហាប្រឈមរបស់វិនិយោគិនដោយប្តូរពីការផ្តល់ព័ត៌មាននិងឯកសារដដែលៗជាច្រើនលើកច្រើនសារ មកជាការបំពេញសំណុំបែបបទតែមួយលើកបានយ៉ាងលឿនរហ័ស កាត់បន្ថយភាពស្មុគស្មាញ បង្កើនទំនុកចិត្តជូនវិនិយោគិនដែលកំពុងស្នើសុំចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា និងអាចអនុវត្តបានពីគ្រប់ទិសទី និងគ្រប់ពេលវេលាតាមប្រព័ន្ធអនឡាញ។

ក្រុមហ៊ុនមីនេបៀ របស់ជប៉ុនសាងសង់រោងចក្រថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់

ប្រព័ន្ធ cdcIPM ជាសមិទ្ធផលបច្ចេកវិទ្យាឌីជីថលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលនៃអាណត្តិទី៧នេះដែលត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល អនុវត្តតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

គួររម្លឹកដែរថា៖ សម្រាប់រយៈពេល ១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧,៥ពាន់លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៣៤១ពាន់កន្លែង បើធៀបនឹងរយៈពេល ១២ខែចុងក្រោយ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគមានការកើនឡើង ១៦៨គម្រោង ស្មើនឹងប្រមាណ ៧៥% ក្នុងទុនវិនិយោគកើនឡើងជាង ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%៕

ក្រុមហ៊ុនមីនេបៀ របស់ជប៉ុនសាងសង់រោងចក្រថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់