ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោ ជាង១,០០០នាក់ នឹងបង្ហាញភាពអស្ចារ្យ ក្នុងពិធីបើក ស៊ីហ្គេម ២០២៣
ភ្នំពេញ ៖ ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោ ជាង ១,០០០នាក់ នឹងធ្វើឱ្យមានភាពអស្ចារ្យនៅក្នុងពីធីបើក-បិទជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។
លោក អ៊ួ តារា បានលើកឡើងក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោ ដើម្បីអបអរសាទរកម្មវិធីបើក-បិទក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្សតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនៅខេត្តកណ្តាល។
លោក អ៊ួ តារា គូសបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ គឺនៅសល់រយៈពេល៦៦ថ្ងៃប៉ុណ្ណោះ ដោយក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោ ទាំងគ្រូបង្គោល និងសិក្ខាកាមទាំងអស់សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីរៀបចំសម្តែងទស្សនីយភាពដ៏អស្ចារ្យ ក្នុងកម្មវិធីបើក-បិទ ស៊ីហ្គេម។
លោកអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ទម្រង់ទស្សនីយភាពមានពីរធំៗ គឺផែនទស្សនីយភាពរុងរឿងសម័យអង្គរ និងគុនល្បុក្កតោសម័យទំនើប ដែលបានធ្វើទំនើបកម្មគុនល្បុក្កតោទៅជាចង្វាក់ភ្លេងជាមួយនឹងបច្ចេកវិទ្យាភ្លើង LED ដែលនឹងឆ្លុះបញ្ចាំងពីទស្សនីយភាពថ្មីមួយ នៃភាពរុងរឿងរបស់កម្ពុជា។ ដូច្នេះហើយ យើងសង្ឃឹមថា តាមរយៈការហាត់សមនេះនឹងបង្ហាញចេញនូវទស្សនីយភាពដ៏អស្ចារ្យក្នុងពិធីបើកស៊ីហ្គេម។ រីឯក្នុងកម្មវិធីបិទស៊ីហ្គេមក៏នឹងមានកម្លាំង ៦០០នាក់ សម្តែងទស្សនីយភាពមួយ «មហាព្រលឹងគុនល្បុក្កតោ»។
លោកបន្តថា ៖ «សម្រាប់ទស្សនីយភាពការសម្តែងគុនល្បុក្កតោ នឹងមានកម្លាំងចំនួន ១ ២០០ នាក់ ដោយចំនួននេះមានចំនួនតិចជាងចំនួនមនុស្សដែលចូលរួមសម្តែងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កាលពីចុងឆ្នាំ២០២២កន្លងទៅ ប៉ុន្តែគុណភាព និងទម្រង់សម្តែងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះនឹងព្យាយាមធ្វើឱ្យល្អ និងអស្ចារ្យតាមគោលដៅដែលយើងចង់បាន»។
ជាមួយគ្នានេះ លោកអគ្គលេខាធិការរងបានបង្ហាញភាពជឿជាក់ថា ក្នុងរយៈពេលនៅសល់៦៧ថ្ងៃនេះ ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោនឹងធ្វើបានល្អជាពិសេសជាក់ជាមិនខាន ពីព្រោះថា កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សមានវិន័យល្អ ភាពម៉ឺងម៉ាត់ហ្មត់ចត់ និងជាកងកម្លាំងពិសេសផង ដូច្នេះការហ្វឹកហាត់សមត្រៀមនេះនឹងអាចធ្វើបានល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធធ្វើឡើងជាផ្លូវការនាថ្ងៃទី៥ ខែឧសភា និងពិធីបិទផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕