Close

អនុម័តគម្រោងវិនិយោគ និង ធុរកិច្ចចំនួន ២៧ ទៀតក្រោមទុន ៣០៦ លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អនុម័តគម្រោងវិនិយោគ និង ធុរកិច្ចចំនួន ២៧ ទៀតក្រោមទុន ៣០៦ លានដុល្លារ ក្នុងខេត្តព្រះសីហនុ អនុម័តគម្រោងវិនិយោគ និង ធុរកិច្ចចំនួន ២៧ ទៀតក្រោមទុន ៣០៦ លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានសម្រេចបន្ត លើកទឹកចិត្ត ពិសេសដល់គម្រោងវិនិយោគ និង ធុរកិច្ច ២៧ ទៀត ក្រោមទុន ៣០៦ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ដែលបានស្នើការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។

គម្រោងចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៣០៦ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិតចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ, គម្រោងអភិវឌ្ឍលំនៅដ្ឋាន, ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs), សណ្ឋាគារ, និង ភោជនីយដ្ឋាន ។

អនុម័តគម្រោងវិនិយោគ និង ធុរកិច្ចចំនួន២៧ ទៀត ក្រោមទុន ៣០៦ លានដុល្លារក្នុងខេត្តព្រះសីហនុ

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ៦១ គម្រោង គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៤, និង គម្រោងសរុបចំនួន ១១០ គម្រោង គិតត្រឹមថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ ដែលលើសពីគោលដៅសូចនាករ ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធីពិសេស ។

ជាមួយនេះ, លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និង ការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និង ធុរកិច្ច, ក្រុមការងារក៏កំពុងអនុវត្តវិធានការផ្សេងទៀត ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូកម្រិតខ្ពស់, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម, និង ការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ។

ជាមួយគ្នានោះ លោក បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ៕

អនុម័តគម្រោងវិនិយោគ និង ធុរកិច្ចចំនួន២៧ ទៀត ក្រោមទុន ៣០៦ លានដុល្លារក្នុងខេត្តព្រះសីហនុ