ក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ គួន ម៉ុម ត្រៀមចេញទៅប្រកបអាជីពនៅក្រុម Long An របស់វៀតណាម
ក្រោយជួយក្រុមជម្រើសជាតិកម្ពុជា ទទួលកៅអីឡើងទៅវគ្គបន្តក្នុងពាន SEA V.League នៅឆ្នាំ២០២៥ និងដណ្ដើមបានទឹកប្រាក់ ១០០លានរៀលពីពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ ពេលនេះ ជើងស្មាតបាល់ទះរបស់កម្ពុជា គួន ម៉ុម ត្រៀមចេញទៅក្រៅប្រទេសជាថ្មី ជាមួយក្រុម LongAn របស់វៀតណាម ក្នុងពេលឆាប់ៗនេះ។
ថ្លែងក្នុងបទសម្ភាសន៍ ជាមួយអ្នកសាព័ត៍មានក្នុងស្រុកកាលពីពេលថ្មីៗនេះ គួន ម៉ុម បានបញ្ជាក់ថា បន្ទាប់ពីចប់ភារកិច្ចនេះ រូបគេនឹងហាត់ជាមួយក្រុមជម្រើសជាតិមួយរយ:កន្លះខែទៀត ហើយខ្លួននឹងចេញទៅប្រទេសវៀតណាមជាថ្មី នៅក្រោយភ្ជុំហើយមួយថ្ងៃ គឺនៅក្លិប Long An ដដែល សម្រាប់កុងត្រាថ្មី។
កីឡាកររបស់ក្លិបវិសាខារូបនេះ បន្ថែមថា ប្រសិនបើកីឡាករបាល់ទះយើងចង់លេងនៅក្រៅប្រទេសត្រូវមានកាយសម្ពទាល្អ ការហ្វឹកហាត់ទៀងទាត់ និងគោរពវិន័យ។ជាចុងក្រោយ ខ្ញុំសូមឲ្យប្រជាជនយើងបន្តគាំទ្រ បាល់ទះកម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។
គួររំលឹកថា កីឡាករ គួន ម៉ុម បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ពីសមាគមបាល់ទះវិសាខា កាលពីចុងខែមីនាកន្លងទៅ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១។
ជាមួយគ្នានេះ បើតាមលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា បន្ទាប់ពី គួន ម៉ុម កីឡាករកម្ពុជា២នាក់ទៀត ត្រូវបានក្លិបនៅក្រៅប្រទេសទាក់ទង គឺកីឡាករវ័យក្មេង ធី ម៉េងហួង និងកីឡាករ សឿន ហេង៕