Foden, Palmer និង Watkins ដកខ្លួនចេញពីជម្រើសជាតិអង់គ្លេស ក្នុងការប្រកួត Nations League
សមាគមបាល់ទាត់អង់គ្លេស ហៅកាត់ថា FA បាននិយាយនៅព្រឹកថ្ងៃពុធនេះថា កីឡាករ Cole Palmer, Ollie Watkins និង Phil Foden ត្រូវបានដកខ្លួនចេញពីក្រុមតោកំណាចអង់គ្លេស ក្នុងការប្រកួត Nations League នាពេលខាងមុខនេះ។
បន្ទាប់ពីការវាយតម្លៃរួចមក FA បានប្រកាសថា កីឡាករវ័យក្មេងរបស់តោខៀវ Chelsea Cole Palmer និងកីឡាករ Ollie Watkins របស់ Aston Villa បានត្រលប់ទៅក្លឹបរបស់ពួកគេវិញ ដើម្បីបន្តការស្តារនីតិសម្បទាពីបញ្ហាដែលកំពុងកើតមាន។
ជាមួយគ្នានេះ តារាឆ្នើមមួយរូបរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Phil Foden ដែលថ្មីៗនេះ ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA ដែលត្រូវបានហៅដោយគ្រូបង្វឹកបណ្តោះអាសន្នរបស់អង់គ្លេស លោក Lee Carsley ក៏ត្រូវបានដកខ្លួនចេញពីក្រុមតោកំណាចដូចគ្នា ដោយសារតែជំងឺ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារ Jack Grealish របស់ Manchester City ដែលមិនមានឈ្មោះលេងឲ្យក្រុមជម្រើសអង់គ្លេស ក្នុង Euro 2024 ត្រូវបានកោះហៅមកវិញ ក៏ដូចជាខ្សែការពារ Harry Maguire របស់ក្រុម Manchester United ផងដែរ។
គួរបញ្ជាក់ថា ក្រុមតោកំណាច់អង់គ្លេស នឹងធ្វើដំណើរទៅទីក្រុង Dublin ដើម្បីទទួលក្រុមអៀរឡង់ នៅថ្ងៃទី ៧ ខែកញ្ញា មុនពេលទទួលភ្ញៀវហ្វាំងឡង់ នៅកីឡដ្ឋាន Wembley ៣ថ្ងៃបន្ទាប់។ ការប្រកួតនេះ នឹងក្លាយជាការប្រកួតលើកដំបូងរបស់អង់គ្លេស ចាប់តាំងពីពួកគេបានចាញ់ក្រុមអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Euro 2024 ហើយក៏ជាការដឹកនាំប្រកួតដំបូង សម្រាប់គ្រូបង្វឹកបណ្ដោះអាសន្ន លោក Carsley ផងដូចគ្នា បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Gareth Southgate៕