ក្រសួងទេសចរណ៍បណ្តុះបណ្តាលជនបង្គោល និងអ្នកវាយតម្លៃប្រព័ន្ធបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍
ភ្នំពេញ : ក្រសួងទេសចរណ៍បណ្តុះបណ្តាលជនបង្គោល និងអ្នកវាយតម្លៃនៃប្រព័ន្ធបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ទទួលទេសចរចិន (China Ready Accreditation System) ជូនដល់មន្ត្រីដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរចិន ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោល និងអ្នកវាយតម្លៃនៃប្រព័ន្ធវាយតម្លៃ China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈកម្មការវាយតម្លៃប្រព័ន្ធបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ China Ready ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយករង និងសិក្ខាកាមមកពីនាយកដ្ឋានជំនាញ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត សរុបចំនួន ១០០ នាក់ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមរយៈប្រព័ន្ធវីដេអូ ZOOM។
ឯកឧត្តម ណេប សាមុត បានលើកឡើងថាក្រោយពីការកាត់បន្ថយនូវរបាំងនៃការធ្វើដំណើរនានា រួមជាមួយការគ្រប់គ្រងបានយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមជំរុញកំណើននៃការធ្វើដំណើររបស់ភ្ញៀវទេសចរផ្ទៃក្នុង និងការមកដល់របស់ទេសចរអន្តរជាតិ ជាពិសេសកំណើននៃការតភ្ជាប់ឡើងវិញនូវជើងហោះហើរពីទីផ្សារចិនចូលមកកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០២៣មក ដែលជាសញ្ញាណវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។
គោលបំណងសំខាន់របស់សិក្ខាសាលា
នាពេលនេះ គឺផ្សព្វផ្សាយ និងបណ្តុះបណ្តាលពី China Ready ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ទទួលទេសចរចិន ជាពិសេសការចូលរួមរបស់មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ដើម្បីជំរុញឱ្យគ្រប់អាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនទាំងអស់ ចូលរួមក្នុងការដាក់ពាក្យស្នើសុំការវាយតម្លៃតាមរយៈប្រព័ន្ធវាយតម្លៃ China Reay Accreditation System។
ឯកឧត្តមអគ្គនាយកក៏បានស្នើសុំឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងទទួលយកបទពិសោធន៍ពីវាគ្មិនពាក់ព័ន្ធទៅនឹងប្រធានបទសំខាន់ៗ ដូចជា (១).យុទ្ធសាស្ត្រសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា, (២).ស្តង់ដាវាយតម្លៃអប្បបរមា និងលក្ខណៈវិនិច្ឆ័យទាំង៧ សម្រាប់បញ្ជាក់គុណភាព និងត្រៀមទទួលទេសចរចិន, និង (៣).ការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតគុណភាពទទួលស្គាល់សេវាកម្មទេសចរណ៍ China Ready Accreditation System”។
គួរជម្រាបដែរ ក្រសួងទេសចរណ៍បានដាក់ចេញនូវ ផែនការសកម្មភាព China-Ready ឆ្នាំ២០២៣ ដែលជាចំណែកមួយនៃការត្រៀមទទួលទេសចរចិន ដែលជាទិសដៅ ប្រមាណ ៨០ម៉ឺន ទៅ ១ លាននាក់៕