កម្ពុជា-ហុងកុងពិភាក្សាជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី
ហុងកុង ចិន៖ លោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២៤
បានជួបពិភាក្សាការជាមួយនឹង លោក Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងកុង ព្រមទាំងបានបង្ហាញគោលដៅអនុវត្តសកម្មភាពរួមគ្នាមួយចំនួន ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ហុងកុងមកកម្ពុជា ក៏ដូចជាឱកាសក្នុងការនាំយកនូវផលិតផលខ្មែរមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅទីក្រុងហុងកុង ប្រទេសចិន។
ជាមួយគ្នានេះ លោក Algernon Yau ក៏បានបង្ហាញអំពីការគំាទ្រទៅលើការអភិវឌ្ឍន៍ការអប់រំទៅដល់យុវជន និងការពង្រឹងកិច្ចសហការល្អក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ផងដែរ។
ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយរំពឹងទុកថាតាមរយៈកិច្ចសហការនេះ នឹងជំរុញនូវកំណើនសេដ្ឋកិច្ច និងផ្តល់នូវអត្ថប្រយោជន៍ជាអតិបរមាដល់ភាគីទាំងពីរ៕