តោះ! មកស្គាល់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាម្នាក់គត់ ដែលមានឈ្មោះទៅប៉ារីស
អត្តពលិកមានពិការភាពរបស់កម្ពុជា វ៉ាន វ៉ុន ជាអត្តពលិកតែម្នាក់ប៉ុណ្ណោះ ដែលនឹងត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ក្រោមលក្ខខណ្ឌសិទ្ធិអនុគ្រោះ ខណៈនេះគឺជាលើកទី៣ជាប់គ្នា ដែលរូបគេបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។
នៅមិនដល់មួយសប្ដាហ៍ទៀតនោះទេ ពោលគឺនៅថ្ងៃទី២៨ ខែសីហា ការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ នឹងប្រារព្ធពិធីបើកជាផ្លូវការ ដោយមាន២២ប្រភេទកីឡា លើ៥៤៩វិញ្ញាសា។ ក្នុងនោះអត្តពលិកកម្ពុជា វ៉ាន វ៉ុន នឹងត្រូវប្រកួតវគ្គជម្រុះក្នុង Heat នៅថ្ងៃទី៤ ខែកញ្ញា វេលាម៉ោង ៣រសៀល [ម៉ោងនៅកម្ពុជា] លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ។
មែនទែនទៅ វ៉ាន វ៉ុន ទទួលបានសិទ្ធិអនុគ្រោះ (Wild Card) ពីគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ ជាលើកទី៣ជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ក្នុងនោះ លើកដំបូងនៅឆ្នាំ២០១៦ ក្នុងក្រុងរីយ៉ូ ប្រទេសប្រេស៊ីល និងលើកទី២ នៅឆ្នាំ ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
គួររំលឹកថា នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងរីយ៉ូ វ៉ាន វ៉ុន ទទួលចំណាត់ថ្នាក់លេខ៦ ក្នុង Heat ដោយប្រើថិរវេលា ១៥.៤៤។ នៅតូក្យូ ក្នុងវិញ្ញាសា T54 ចម្ងាយ ១០០ម៉ែត្រដដែល អត្តពលិកមានពិការភាពរបស់កម្ពុជារូបនេះ ធ្វើបានល្អ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ២ ក្នុង Heat ក្នុងថិរវេលា ១៤.៣៩ ឈានទៅវគ្គផ្តាច់ព្រ័ត្រ។
ក្រៅពីនេះ វ៉ាន វ៉ុន សម្រេចបានកំណត់ត្រាល្អប្រសើរផងដែ ក្នុងវិញ្ញាសា Men’s 100m-T54 នេះ ដោយដណ្តើមបានមេដាយប្រាក់នៅព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមអាស៊ី នៅក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៨ រូបគេបានប្រើថិរវេលា ១៥.០២ ហើយនៅក្នុងព្រឹត្តិការណ៍ World Championships ក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងថិរវេលា ១៤.៥៧៕