Close

៧ខែ កម្ពុជារកចំណូលពន្ធបានជិត​ ៤៤លានដុល្លារ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៧ខែ កម្ពុជារកចំណូលពន្ធបានជិត​ ៤៤លានដុល្លារ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ៧ខែ កម្ពុជារកចំណូលពន្ធបានជិត​ ៤៤លានដុល្លារ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ សម្រេចបានជិត ៤៤លានដុល្លារ។ នេះបើតាមព្រឹត្ដិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ប្រភពដដែលបន្តថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។

៧ខែ កម្ពុជារកចំណូលពន្ធបានជិត​ ៤៤លានដុល្លារ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ប្រភពដដែលបន្ថែមថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦.៦៩ ប៊ីលានរៀល ស្មើនឹង ៤៣.៦៣ លានដុល្លារ ក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជន ដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) មានចំនួន ៥៥.១០ ប៊ីលានរៀល ស្មើនឹង ១៣.៦១ លានដុល្លារ និងចំណូលប្រមូលបានពីនិវាសនជន តាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០.០២ លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញនៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX ជាដើម។

វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយ ដ៏មានសក្តានុពល សម្រាប់ពិភពលោកទាំងមូលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០ ៕