លោក Pochettino ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក
(បាល់ទាត់)៖ អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur និងក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានយល់ព្រមចូលកាន់តំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកបុរស។ នេះបើយោងតាមរបាយការណ៍របស់កាសែត ESPN ដែលបានចេញផ្សាយ កាលពីយប់ថ្ងៃព្រហស្បតិ៍។
របាយការណ៍បាននិយាយថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដែលបានអវត្តមានពីការងារ ចាប់តាំងពីចែកផ្លូវជាមួយ Chelsea ក្នុងខែឧសភា បន្ទាប់ពីដឹកនាំបានមួយរដូវកាល នឹងដឹកនាំក្រុមជម្រើសជាតិអាមេរិក ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលធ្វើជាសហម្ចាស់ផ្ទះ ដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
យោងតាម ESPN ដែលបានដកស្រង់ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោក Pochettino ត្រូវបានគេរំពឹងថា នឹងចូលកាន់តំណែងជាគ្រូបង្វឹកនៃក្រុមសហរដ្ឋអាមេរិក ទាន់ពេលវេលា សម្រាប់ការប្រកួតថ្ងៃទី ៧ ខែកញ្ញា របស់ពួកគេជាមួយនឹងប្រទេសកាណាដា ក្នុងរដ្ឋ Kansas ។
គួររំលឹកថា ក្រុមបុរសរបស់សហរដ្ឋអាមេរិក មិនទាន់មានគ្រូបង្វឹកនោះទេ ចាប់តាំងពីលោក Gregg Berhalter ត្រូវបានបណ្តេញចេញ ក្នុងខែកក្កដា បន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់ នៅលើទឹកដីកំណើត ក្នុងពានរង្វាន់ Copa America ។
គួរបញ្ជាក់ថា លោក Pochettino បានចូលរួមជាមួយ Chelsea នៅមុនយុទ្ធនាការប្រកួត Premier League 2023-24 នៅពេលដែលគាត់បានជំនួសដំណែងអ្នកចាត់ការបណ្តោះអាសន្ន លោក Frank Lampard ខណៈដែលម្ចាស់ថ្មីរបស់ក្លឹបកំពុងសម្លឹងមើលការកែលម្អឡើងវិញ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២ ។ លោកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំ ព្រមទាំងជម្រើសស្នាក់នៅមួយឆ្នាំបន្ថែមទៀត ប៉ុន្តែបានចាកចេញពីទីក្រុងឡុងដ៍ បន្ទាប់ពីយុទ្ធនាការដ៏ច្របូកច្របល់ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងតារាង Premier League៕