Close

ឧបនាយករដ្ឋមន្ត្រី ៖ ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាលមានគោលការណ៍ការពារមរតកដូនតា និងកសាងសេដ្ឋកិច្ច

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ៖ ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាលមានគោលការណ៍ការពារមរតកដូនតា និងកសាងសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី ៖ ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាលមានគោលការណ៍ការពារមរតកដូនតា និងកសាងសេដ្ឋកិច្ច

សៀមរាប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានយកចិត្តទុកដាក់បំផុតនៅក្នុងការគ្រប់គ្រង អភិរក្សមរតកវប្បធម៌របស់ដូនតា ដោយមានគោលការណ៍ច្បាស់លាស់គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់បែបនេះ នៅក្នុង ពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” ដែលបានធ្វើឡើងនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា សង្គ្រាមផ្ទៃក្នុងបានធ្វើឱ្យខ្មែរបាក់បែក ចែកបក្សពួកជាក្រុមផ្សេងគ្នា ប៉ុន្តែបន្ទាប់ពីដួលរលំរបស់របបខ្មែរក្រហម កម្ពុជាដែលមានប្រាសាទអង្គរជាចំណុចប្រសព្វគ្នាមួយ បានដឹកនាំឱ្យខ្មែរ មានសន្តិភាព និងការអភិវឌ្ឍក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ។ ចំពោះសារៈសំខាន់របស់អង្គរវត្ត បានធ្វើឱ្យកម្ពុជាមានថ្ងៃនេះ ដូច្នេះមានកិច្ចការជាច្រើនដែរយើងត្រូវធ្វើសម្រាប់រមណីយដ្ឋានអង្គរជាបន្តទៀត ធ្វើយ៉ាងណាយើងត្រូវការពារមរតកដូនតា និងការពាររក្សានូវឧត្តមប្រយោជន៍របស់ប្រជាជនយើងដែរ។

ឧបនាយករដ្ឋមន្ត្រី ៖ ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាលមានគោលការណ៍ការពារមរតកដូនតា និងកសាងសេដ្ឋកិច្ច

ឯកឧត្តមថ្លែងថា៖«ឥឡូវមកដល់អណត្តិនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យមកជួយសម្របសម្រួលដឹកនាំការងារនៅតំបន់អង្គរនេះ។ ហើយក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់គោលការណ៍ និងបទបញ្ជាយ៉ាងច្បាស់ថា ដៃម្ខាងត្រូវថែរក្សាមរតកដូនតារបស់យើង ហើយដៃម្ខាងទៀតក៏ត្រូវគិតគូរប្រយោជន៍របស់ប្រជាជនរបស់យើងនៅតំបន់អង្គរហ្នឹង និងក្នុងទឹកដីសៀមរាបជារួមតែម្ដង»

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា «ដូច្នេះដើម្បីតម្រង់ទិសនៅក្នុងកិច្ចការងារគ្រប់គ្រងតំបន់អង្គរនេះ យើងត្រូវរួមគ្នាលើកយកជាគំនិតផ្ទាល់ខ្លួនរបស់យើងមកជជែកគ្នាដើម្បីស្វែងរកធាតុចូលក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរនេះ នៅក្នុងចំណុចរួមតែមួយ។ ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ដោយសារមានតំបន់រមណីយដ្ឋានអង្គរ ដែលមានផ្ទៃដីសរុបប្រមាណ ៤០១គីឡូម៉ែត្រការ៉េ ចែកចេញជា២តំបន់ គឺតំបន់១ និងតំបន់២ ដែលស្ថិតនៅក្នុងដែនដីនៃរដ្ឋបាលក្រុងស្រុកចំនួន៦ »។

ជុំវិញបញ្ហានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់ប៉ូលទី២ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ និងជាខឿនសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយមានរមណីយដ្ឋានអង្គរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដ៏មានតម្លៃជាសកល ដែលជាតំបន់ទិសដៅទេសចរណ៍ដ៏ល្បីល្បាញ សម្រាប់បម្រើវិស័យទេសចរណ៍ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជុំវិញពិភពលោក។ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ បានធូរស្រាលយើងសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាកម្សាន្តក្នុងខេត្ត មានការកើនឡើងគួរឱ្យកត់សម្គាល់ បើគិតពីដើមឆ្នាំរហូតដល់ខែកក្កដា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៥៨៤.៣៧៥នាក់។

ឧបនាយករដ្ឋមន្ត្រី ៖ ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាលមានគោលការណ៍ការពារមរតកដូនតា និងកសាងសេដ្ឋកិច្ច

ឯកឧត្តម ប្រាក់ សោភ័ណ បញ្ជាក់ទៀតថា ស្របពេលជាមួយការខិតខំប្រឹងប្រែងអនុវត្តនូវកាតព្វកិច្ច ដើម្បីគ្រប់គ្រង និងថែរក្សាការពារប្រាសាទអង្គរ និងប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ បាននិងកំពុងជួបប្រទះបញ្ហាកំណើនអត្រាកំណើតកូនចៅរបស់អ្នកភូមិចាស់ និងការបម្លាស់ទីចូលមករស់នៅរបស់អ្នកភូមិក្រៅ ដើម្បីស្វែងរកឱកាសមុខរបរ និងការងារសម្រាប់ជីវភាពរស់នៅ ដែលអាចគំរាមកំហែង និងប៉ះពាល់ដល់សោភ័ណភាពទេសភាព នៃតំបន់អង្គរ។

ឯកឧត្តមសង្កត់ធ្ងន់ទៀតថា «ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិត ផែនការរៀបចំដែនដី ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងតទៅអនាគត ដោយគិតគូរទាំងកម្រិតជីវភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម បរិស្ថាន និងការការពារសម្បត្តិបេតិកភណ្ឌ តាមរយៈការរៀបចំបង្កើតនូវ ក្រុងរុនតាឯក-តេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ និងធ្វើការអភិវឌ្ឍន៍តំបន់នានា ជុំវិញតំបន់រមណីដ្ឋានអង្គរជាបន្តបន្ទាប់»។

សូមជម្រាបថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូ (UNESCO) ធ្វើការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមការជួយជ្រោមជ្រែងពី អាយស៊ីស៊ី-អង្គរ ICC Angkor ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន ក្នុងនោះអាជ្ញាធរជាតិអប្សរា ជាស្ថាប័នប្រតិបត្តិរមណីយដ្ឋានអង្គរ និងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ប្រទេសកម្ពុជា។