មោទនភាពណាស់! វណ្ណដា ឡើងច្រៀងក្នុងពិធីបិទកីឡាអូឡាំពិក នៅទីក្រុងប៉ារីស យប់មិញ
កាលពីយប់មិញនេះ ព្រឹត្តិការណ៍កីឡាពិភពលោក អូឡាំពិក ឆ្នាំ២០២៤ ទីក្រុងប៉ារីស ប្រទេសបារាំង បានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ខណៈដារ៉ារ៉េបដ៏ល្បីនៅកម្ពុជា វណ្ណដា បានសម្តែងក្នុងពិធីបិទនោះទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុងពិធីបិទកីឡាអូឡាំពិក នៅទីក្រុងប៉ារីស កាលពីយប់មិញ មានការសម្តែងរបស់តារាចម្រៀងល្បីៗទូទាំងពិភពលោក ក្នុងនោះគេសង្កេតឃើញថា ក៏មានវត្តមានតារាចម្រៀងកម្ពុជាមួយរូបផងដែរ គឺលោក វណ្ណដា ដែលនេះ គឺជាលើកដំបូងហើយ ដែលមានសិល្បៈខ្មែរបង្ហាញខ្លួនសម្តែងក្នុងព្រឹត្តិការណ៍កីឡាពិភពលោកមួយនេះ។
ក្នុងព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ តារារ៉េបរូបសង្ហារ វណ្ណដា បានលើកយកបទចំរៀងដែលខ្លួនច្រៀងជាមួយព្រឹទ្ធាចារ្យ គង់ ណៃ «Time To Rise» មកសម្ដែងលើឆាក អមជាមួយសម្លៀកបំពាក់ខ្មែរ ដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ពីប្រទេសកម្ពុជា។
ក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២៤ នេះ សហរដ្ឋអាមេរិក ឈរលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយសរុប ចំនួន ១២៦គ្រឿង ក្នុងនោះ មេដាយមាស ៤០គ្រឿង ប្រាក់ ៤៤គ្រឿង និងសំរិទ្ធ ៤២គ្រឿង ខណៈ ចិន ឈរលេខ២ រីឯជប៉ុន ឈរលេខ៣។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ដែលរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង បានចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដោយមាន ២០៦ប្រទេសចូលរួមប្រកួតប្រជែង ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ក្នុងឆ្នាំនេះ មានកីឡាចំនួន ៣២ប្រភេទ ដែលស្មើនឹង ៣២៩វិញ្ញាសា អោយអត្តពលិកសរុបប្រមាណ ១០,៥០០នាក់៕