Close

«សហគមន៍កសិកម្មទំនើប» មួយទៀតនឹងលេចចេញជារូបរាងឡើងនៅក្នុងស្រុកមេមត់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
«សហគមន៍កសិកម្មទំនើប» មួយទៀតនឹងលេចចេញជារូបរាងឡើងនៅក្នុងស្រុកមេមត់ «សហគមន៍កសិកម្មទំនើប» មួយទៀតនឹងលេចចេញជារូបរាងឡើងនៅក្នុងស្រុកមេមត់

ត្បូងឃ្មុំ៖ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «សហគមន៍កសិកម្មទំនើប»មួយទៀតនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងស្រុកមេមត់ បន្ទាប់ពីបានធ្វើការជាមួយគ្នាអស់រយៈពេលជិត២ខែ និងបានរៀបចំមហាសន្និបាតកំណើតដំបូងជាផ្លូវការរបស់ខ្លួនប្រកបដោយជោគជ័យរួច។

បើតាម លោក ឃឹម ហ្វីណង់ «សហគមន៍កសិកម្មទំនើប» មាន ឈ្មោះ៖ «សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ»
ដែលមានសមាជិកចំនួន ៤២គ្រួសារ និងមានទីតាំងស្ថិតនៅក្នុង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកសង្កត់ទៀតថាសម្រាប់ «សហគមន៍កសិកម្មទំនើប»ថ្មីនេះ មាន ផ្ទៃដីផលិតកម្មចំនួន ៦៧ហិកតា ប្រហាក់ប្រហែល១០ម៉ឺនជន្លង់ និងមានក្រុមប្រឹក្សាភិបាលចំនួន ៧រូប គណៈកម្មាធិការត្រួតពិនិត្យចំនួន ៥រូប។ តាមការរំពឹងថា សមត្ថភាពផលិតរបស់ «សហគមន៍កសិកម្មទំនើប» នេះ ម្រេចបាន ២៥០តោន-៣០០តោន/ឆ្នាំ។

លោក ឃឹម ហ្វីណង់ សង្ឃឹមថា «សហគមន៍កសិកម្មទំនើប»នេះ នឹងអាចដាក់ដំណើរការសហគមន៍នេះនៅក្នុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីផែនការអាជីវកម្មរបស់សហគមន៍ត្រូវបានបញ្ចប់រួចរាល់។ ក្រសួងក៏បានតភ្ជាប់ទីផ្សារជាមួយក្រុមហ៊ុនអន្តរជាតិចំនួន៣ ដែលនឹងនៅរង់ចាំទិញម្រេចផ្ទាល់ពីសហគមន៍រួចជាស្រេចហើយ រួមមាន៖ ក្រុមហ៊ុន Fuchs, ក្រុមហ៊ុន OLAM និងក្រុមហ៊ុន Sela Pepper។

សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញ ដោយសហគមន៍ផ្ទាល់»។

ចំពោះការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាពជូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានការគាំទ្រ និងផលចំណេញទៅតាមទំហំដីកសិកម្មដែលបានដាក់ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់។

ទន្ទឹមនឹងនេះដែរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន បញ្ជាក់អំពីគោលជំហរ ក្នុងការរុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ចនេះឱ្យទៅមុខ ហើយកសិករដទៃទៀត អាចពិនិត្យតាមដាន និងធ្វើការសម្រេចចិត្តពេលក្រោយ៕

អត្ថបទទាក់ទង