លោក Biden ៖ រុស្ស៊ី កំពុងបង្កកំហុសដ៏ធ្ងន់ធ្ងរមួយដែលសម្រេចចិត្តចាកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ
បរទេស ៖ អំឡុងពេលនៃកិច្ចប្រជុំជាមួយនឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេស ភាគខាងកើតអឺរ៉ុប (The Burcharest Nine) នៅក្នុងប្រទេសប៉ូឡូញ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានធ្វើការលើកឡើងថា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការដកខ្លួនចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ឬហៅ The New Start nuclear arms treaty គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។
គួរឲ្យដឹងដែរថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមកនេះថាប្រទេសរុស្ស៊ីនឹងធ្វើការដកខ្លួនចេញពីកិច្ចព្រមព្រៀងកាត់បន្ថយនុយក្លេអ៊ែរមួយជាមួយនឹងអាមេរិកដែលត្រូវបានចុះហត្ថលេខាតាំងតែពីឆ្នាំ២០១០។
កិច្ចព្រមព្រៀងដ៏សំខាន់នេះគឺធ្វើឡើងដើម្បីអាចកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររវាងរុស្ស៊ី និងអាមេរិកព្រមទាំងអាចផ្តល់សិទ្ធិឲ្យគ្នាទៅវិញទៅមក្នុងការចុះត្រួតពិនិត្យសកម្មភាពពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរទៀតផង។
នៅក្នុងជំនួបក្នុងប្រទេសប៉ូឡូញផងដែរបណ្តាប្រទេសក្នុងភាគខាងកើតអឺរ៉ុបដែលត្រូវបានគេស្គាល់ឈ្មោះថា The Burcharest Nine សុទ្ធតែ បានបង្ហាញជំហដូចគ្នាក្នុងការថ្កោលទោសទៅលើប្រទេសរុស្ស៊ីចំពោះការសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេសទៅលើប្រទេសអ៊ុយក្រែនអស់រយៈពេល១ឆ្នាំកន្លងមកនេះ៕