Close

មន្ត្រីកសិកម្មស្នើឱ្យកសិករនៅក្នុងស្រុកកណ្តៀងគួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីកសិកម្មស្នើឱ្យកសិករនៅក្នុងស្រុកកណ្តៀងគួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍ មន្ត្រីកសិកម្មស្នើឱ្យកសិករនៅក្នុងស្រុកកណ្តៀងគួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍

ពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់បងប្អូនកសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលតែងតែខាតបង់ផលដំណាំរបស់ខ្លួនដោយសារជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ គួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍។

ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខា និងជាអ្នកនាំពាក្យក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា ការរួមគ្នាផលិតជាទម្រង់សហគមន៍នេះ ដើម្បីការពារសមាជិកម្នាក់ៗពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ ខណៈពេលដែលក្នុងឆ្នាំនេះ ជាង៥០%នៃដំណាំស្រូវ ៨១៥ហិកតា ដែលទើបទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខូចខាតធ្ងន់ធ្ងរមិនអាចស្តារឡើងវិញបាន។

ឯកឧត្តមសង្កត់ធ្ងន់ទៀតថា បើតាមលក្ខខណ្ឌភូមិសាស្ត្រ តំបន់នេះគឺជាទីតាំងទំនាបខ្លាំង និងកន្លែងមុខទឹកហូរកាត់ពីផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវ៉ាញទៅកាន់បឹងទន្លេសាប ងាយនឹងរងជំនន់ទឹកភ្លៀងណាស់។

ឯកឧត្តមពន្យល់ទៀតថា ជាទូទៅ មួយឆ្នាំធ្វើស្រែបានតែម្តង និងសមស្របតែជាមួយប្រភេទស្រូវឡើងតាមទឹកតែប៉ុណ្ណោះ។ ការបង្កបង្កើនផលស្រូវស្រាលពិតជាប្រថុយប្រថានខ្ពស់ ទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើន និងមានផែនការច្បាស់លាស់ទើបអាចធ្វើទៅបាន ហើយក៏ប្រហែលត្រូវធ្វើពិពិធកម្មបន្ថែមប្រភេទដំណាំផ្សេងក្រៅពីស្រូវទើបប្រសើរ។

បើតាមអ្នកនាំពាក្យរូបនេះ កសិករម្នាក់ៗកម្រិតគ្រួសារពិតជាពិបាកធ្វើដូច្នេះបាន តែបើជាសហគមន៍អាចទៅរួច។ នេះគឺជាដំណោះស្រាយមួយដែលបងប្អូនកសិករបានព្រមទទួលយកទៅពិចារណា ចំណែកឯការជួយជាគ្រាប់ពូជសម្រាប់ការដាំដុះឡើងវិញត្រូវរង់ចាំរហូតដល់ខែវិច្ឆិកាក្រោយទឹកស្រកវិញទើបអាចធ្វើទៅបាន៕

អត្ថបទទាក់ទង