ក្រសួងកសិកម្ម សហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ស្ដារឡើងវិញ សិប្បកម្មតម្បាញសូត្រ
សៀមរាប៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ស្ដារឡើងវិញ សិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យឋិតឋេរគង់វង្ស។
អស់រយៈពេលជាង៧ខែកន្លងមកនេះ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរ ជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ ហើយបានចុះពិនិត្យនិងផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ជូនកាលពីលើកមុន។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ) ក្នុងស្រុកពួក ខេត្តសៀមរាបចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែលសិប្បកម្មនេះមានតែកូនដើមមនទើបដាំ រហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។
មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្ម ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់ ដែលភាគច្រើនជាស្ដ្រី។
លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងក្រុមការងារ នឹងបន្តសហការផ្លាស់ប្តូរបច្ចេកទេសលើផ្នែកកោសេយ្យវប្បកម្មដល់អាទីហ្សង់អង្គរ ព្រមទាំងបន្តផ្តល់ពងដង្កូវនាងពូជសូត្រមាសប្រមាណ ៥ ០០០ពង ក្នុងខែសីហា ឆ្នាំ២០២៤ និងផ្តល់ពូជមនប្រមាណ ៥០បាច់ ឬ ១ ០០០ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤៕