សាច់រឿងរៀបរាប់អំពីពុទ្ធប្រវត្តិ តែងឃើញមានឆ្លាក់បង្ហាញនៅតាមគ្រឿងលម្អស្ថាបត្យកម្មខ្មែរបុរាណ
ភ្នំពេញ៖ ព្រះពុទ្ធមុននឹងត្រាស់ដឹងទ្រង់មានតំណាលជាព្រះពោធិសត្វ និងបានបំពេញទានបារមីទាំងដប់ហៅថា «ទសជាតក»។ ក្នុងចំណោមរឿងជាតកទាំងដប់ ដែលទ្រង់បានបំពេញទាននោះមានរឿងមួយគឺ «ព្រះវេស្សន្តរជាតក» តំណាលអំពីជាតិទីដប់ និងជាជាតិចុងក្រោយរបស់ព្រះពុទ្ធ។
សាច់រឿងរៀបរាប់អំពីពុទ្ធប្រវត្តិ តែងឃើញមានឆ្លាក់បង្ហាញនៅតាមគ្រឿងលម្អស្ថាបត្យកម្មខ្មែរបុរាណ៖ ជញ្ជាំងប្រាសាទ ផ្តែរ ហោជាង។ល។
នៅក្នុងសារមន្ទីរជាតិកម្ពុជា មានសមុច្ច័យមួយប្រភេទជាបំណែកផ្ទាំងថ្មភក់ឆ្លាក់ជាចម្លាក់លាន បង្ហាញអំពីសាច់រឿងដកស្រង់ពីកណ្ឌចំនួនបួនក្នុងចំណោមកណ្ឌទាំង១៣ នៃព្រះវេស្សន្តរជាតក។
ផ្ទាំងចម្លាក់នេះនៅរក្សាសាច់រឿងចំនួនបីផ្នែក ដោយឡែកមួយផ្នែកទៀតបាក់បាត់មើលពុំដឹងបង្ហាញអំពីសាច់រឿងអ្វីឡើយ។
សាច់រឿងដែលអាចកត់សម្គាល់បានទាំងបីនោះមាន៖ ផ្នែកខាងឆ្វេងលើកឡើងក្នុងឈុត «កណ្ឌហេមពាន្ត» តំណាលពីសាច់រឿងកាលព្រះវេស្សន្តរ ដាក់ទានដំរីបច្ច័យនាគទៅព្រាហ្មណ៍នៅនគរក្លឹង្គរាស្ត្រ។
ផ្នែកកណ្តាលឆ្លាក់រៀបរាប់វគ្គ «កណ្ឌកុមារបាព៌» គឺនៅពេលដែលព្រះវេស្សន្តរដាក់ទានព្រះរាជបុត្រទាំងពីរទៅតាជូជក់។ ចំណែកឯផ្នែកខាងស្តាំរៀបរាប់ឈុត «កណ្ឌសក្កបាព៌» គឺត្រង់វគ្គព្រះវេស្សន្តរដាក់ទាននាងមទ្រីទៅឥន្ទ្រព្រាហ្មណ៍។
បំណែកផ្ទាំងចម្លាក់រឿងព្រះវេស្សន្តរជាតកនេះ ចុះលេខបញ្ជីសារពើភណ្ឌ ក.១៧០១ មានប្រភពមកពីប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាំយកមករក្សានៅសារមន្ទីរជាតិនៅឆ្នាំ១៩៣០។
ចម្លាក់នេះស្ថិតក្នុងរចនាបថបាយ័ន្ត ចុងសតវត្សទី១២ និងដើមសតវត្សទី១៣ បច្ចុប្បន្នកំពុងដាក់តាំងបង្ហាញនៅសាលខាងលិច សម័យអង្គរនៃសារមន្ទីរជាតិកម្ពុជា៕