ក្រុម Hezbollah បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើភាគខាងជើងអ៊ីស្រាអែល
បរទេស៖ ក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah បាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីព្រឹកថ្ងៃចន្ទ លើតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល បណ្តាលឱ្យទាហានពីរនាក់រងរបួស។
ការវាយប្រហារដោយអំពើហឹង្សានេះ បានកើតឡើងចំពេលមានការភ័យខ្លាចនៃសង្គ្រាមកើតឡើងនៅក្នុងតំបន់ បន្ទាប់ពីការសម្លាប់មេបញ្ជាការជាន់ខ្ពស់ Hezbollah នៅក្នុងប្រទេសលីបង់ និងមេដឹកនាំនយោបាយកំពូលរបស់ក្រុមហាម៉ាសនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុន ។
ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានយោធាមួយនៅភាគខាងជើងប្រទេសអ៊ីស្រាអែលក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារ និងការធ្វើឃាត ចំពោះមេដឹកនាំទាំងពីរ ។
អ៊ីស្រាអែល និងក្រុមហេសបូឡា បានវាយប្រហារគ្នាដោយគ្រាប់កាំភ្លើងជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១០ ខែចុងក្រោយនេះ ស្របពេលមានសង្គ្រាមនៅតំបន់ហ្គាហ្សា។ ប៉ុន្តែការធ្វើឃាតកាលពីសប្តាហ៍មុន មកលើមេដឹកនាំនយោបាយហាម៉ាសលោក Ismail Haniyeh នៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់ និងមេបញ្ជាការក្រុម Hezbollah លោក Fouad Shukur ក្នុងទីក្រុង Beirut បានធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង។
ប្រមុខឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់បានគំរាមអ៊ីស្រាអែលកាលពីថ្ងៃចន្ទជុំវិញការធ្វើឃាត លោក Haniyeh ដោយព្រមានថាអ៊ីស្រាអែលកំពុង «ជីកផ្នូរកប់ខ្លួនឯង» ជាមួយនឹងសកម្មភាពប្រឆាំងនឹងក្រុមហាម៉ាស។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល និយាយថា យោធាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ការឆ្លើយតបវិញ នៅពេលមានសង្គ្រាមកើតឡើង៕