Close

មេដឹកនាំអ៊ីរ៉ង់ចេញបទបញ្ជាឱ្យវាយប្រហារអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មេដឹកនាំអ៊ីរ៉ង់ចេញបទបញ្ជាឱ្យវាយប្រហារអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ មេដឹកនាំអ៊ីរ៉ង់ចេញបទបញ្ជាឱ្យវាយប្រហារអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់

បរទេស៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញបទបញ្ជាឱ្យវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលដោយផ្ទាល់ ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ ។ នេះបើយោងតាមមន្ត្រីអ៊ីរ៉ង់បីនាក់ដែលបានសង្ខេបអំពីបទបញ្ជានោះ។

លោក Khamenei បានដាក់បទបញ្ជានេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធ បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថាលោក Haniyeh និងមន្ត្រីអ៊ីរ៉ង់បីនាក់រួមទាំងសមាជិកឆ្មាំបដិវត្តពីរនាក់ផងដែរ ត្រូវបានសម្លាប់ ។

ប្រទេសអ៊ីរ៉ង់ និងក្រុមហាម៉ាសបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលពីការធ្វើឃាតនេះ ។ទោះជាយ៉ាងណា ប្រទេសអ៊ីស្រាអែលដែលកំពុងមានសង្រ្គាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាស មិនបានទទួលស្គាល់ និងបដិសេធមិនបានសម្លាប់លោក Haniyeh នៅក្រុងតេអេរ៉ង់ក្នុងគ្រាដែលលោកបានចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់នោះទេ។

បើតាមការចុះផ្សាយពីសារព័ត៌មាន NEW YORK TIMES ប្រទេសអ៊ីស្រាអែលមានប្រវត្តិជាយូរមកហើយក្នុងការសម្លាប់សត្រូវនៅបរទេស រួមមានអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ និងមេបញ្ជាការយោធា។

ឆ្លងកាត់សង្រ្គាមជិត១០ ខែនៅតំបន់ហ្គាហ្សា ប្រទេសអ៊ីរ៉ង់បានព្យាយាមធ្វើសមតុល្យ ដោយដាក់សម្ពាធលើអ៊ីស្រាអែល ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារពីសំណាក់សម្ព័ន្ធមិត្ត និងកងកម្លាំងប្រូកស៊ីនៅក្នុងតំបន់ ។

កាលពីខែមេសា ប្រទេសអ៊ីរ៉ង់បានធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយធំ និងខ្លាំងបំផុតរបស់ខ្លួនលើប្រទេសអ៊ីស្រាអែល ដោយបានបាញ់កាំជ្រួច និងយន្តហោះគ្មានមនុស្សបើករាប់រយដើម ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើបរិវេណស្ថានទូតរបស់ខ្លួន ដែលបានសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ជាច្រើននាក់នៅទីក្រុង Damascus ប្រទេសស៊ីរី៕

អត្ថបទទាក់ទង