អាជ្ញាធរជាតិអប្សរាពន្យល់ពីការដកហូតដើមឈើមួយដើមនៅជាប់ទន្លេអុំ
សៀមរាប៖ ក្រោយមានការចោទជាសំនួរ និងរិះគន់ ជុំវិញអាជ្ញាធរជាតិអប្សរាដកហូតដើមឈើមួយដើម នៅជាប់មាត់ទឹកទន្លេអុំដែលមានហានិភ័យ នៅក្នុងរមណីយដ្ឋានអង្គរ ស្ថាប័នមួយនេះ បានចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋ ថា ដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ថា «មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ? មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង»។
ប្រភពដដែលពន្យល់ថា៖«ការដកហូតនៅពេលនេះគឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀងនិងខ្យល់ខ្លាំង រហូតដល់ពេលនេះអាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ»។
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ អនុវត្តវិធានការបន្ទាន់ចំពោះដើមឈើមួយចំនួនដែលមានហានិភ័យនៅរមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ មានករណី បាក់រលំដើមឈើមួយដើមនៅខាងជើងខ្លោងទ្វារទន្លេអុំដែលបាន ធ្វើឱ្យរងគ្រោះដល់អ្នកដំណើរ និងភ្ញៀវទេសចរ៕