Close

រមណីយដ្ឋានអន្លង់ផ្សោតនៅតែមានប្រជាប្រិយភាព

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រមណីយដ្ឋានអន្លង់ផ្សោតនៅតែមានប្រជាប្រិយភាព រមណីយដ្ឋានអន្លង់ផ្សោតនៅតែមានប្រជាប្រិយភាព

ក្រចេះ ៖ រមណីយដ្ឋានអន្លង់ផ្សោតមានចម្ងាយប្រវែង ១៥ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្រប នៅតែមានប្រជាប្រិយភាព ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។

រមណីយដ្ឋានអន្លង់ផ្សោត ត្រូវបានគេហៅជាទូទៅថា «អន្លង់ផ្សោតកាំពី» ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅទន្លេមេគង្គលើ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចជិះទូកទស្សនាសត្វផ្សោតអណ្ដែតខ្លួនទាំងគូៗ និង កំពុងប្រឡែងគ្នាលើផ្ទៃទឹក។

ដើម្បីទៅទស្សនាសត្វផ្សោតបាន អ្នកទេសចរត្រូវធ្វើដំណើរចេញពីកំពង់បានប្រមាណតែ១០នាទី នឹងឃើញវត្តមានសត្វផ្សោត ងើបចេញពីផ្ទៃទឹក ដើម្បីដកដង្ហើម។ ការងើបមកដកដង្ហើមរបស់សត្វផ្សោតនេះ មិនមានរយៈពេលយូរឡើយ គឺចន្លោះពី២វិនាទី ទៅ៣វិនាទីតែប៉ុណ្ណោះ។ ម្ដងម្កាល វាក៏លោតផុតចេញពីផ្ទៃទឹក សឹងឃើញរូបរាងទាំងស្រុងរបស់វាទៅហើយ តែករណីនេះកម្របានឃើញណាស់។

អន្លង់ផ្សោតកាំពី ជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៩-៤០ក្បាលរស់នៅ រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩។

ផ្សោតទឹកសាប ជាប្រភេទថនិកសត្វចិញ្ជឹមកូនដោយទឹកដោះ និងជាសត្វដែលកម្រ ផ្សោតជាសត្វស្លូត វាសុីត្រីជាអាហារ វារស់នៅក្នុងអន្លង់ទឹកជ្រៅដែលសំបូរត្រីដែលជាអាហាររបស់វា បានធ្វើឱ្យភ្ញៀវទេសចរចង់គយគន់ និងផ្តិតរូបភាពទុកជាអនុស្សាវរីយ៍ ៕

អត្ថបទទាក់ទង