លោក ហ៊ុន ម៉ានី៖ ការប៉ុនប៉ង បំភ្លៃ បំភ័ន្តតំបន់អភិវឌ្ឍត្រីកោណ CLV ក្នុងចេតនាបង្ខូចកិត្តិយស និងការពិត គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការប៉ុនប៉ង បំភ្លៃ បំភ័ន្ត ព័ត៌មាននៃ តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឱ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។
ការចេញមុខថ្លែងរបស់លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅលើបណ្តាញសង្គមនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសារពិសេសពាបកស្រាយ ក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នេះ ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី អំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ។
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅកម្ពុជា លោក ហ៊ុន ម៉ានីបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងពេលនោះ។
លោក ថ្លែងថា៖«ដូចអ្វីដែលយើងទាំងអស់បានទទួលស្តាប់ នូវការបកស្រាយ និងពន្យល់អំពីប្រវត្តិ ដំណាក់កាល និង មូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ»។
បើតាម លោក ហ៊ុន ម៉ានី ការប្រែមុខមាត់ តាមរយៈការអភិវឌ្ឍ និងគម្រោងវិនិយោគនានា ដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីផលជាក់ស្តែងដែលប្រជាពលរដ្ឋទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការ និងប្រជាពលរដ្ឋទូទៅបាន និងកំពុងទទួលបាន។
ជុំវិញបញ្ហានេះ លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែថា ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។
លោក បណ្ឌិត បន្តថា៖« ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែពង្រឹងនិងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិនិងមនសិការជាតិ និងមានសុខភាពល្អ ព្រមទាំងរៀនសូត្រជាប់ជានិច្ច»។
ជាមួយគ្នានោះ លោក បណ្ឌិត បានកុំឱ្ហយជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ ក្អែកមួយ ក្អែកដប់ ស្អប់តគ្នា និងជេរតគ្នា បែបនេះ វាក៏អាចខុសតគ្នាដែរ។ បើមួយថ្ងៃៗដៃអាល័យតែកែវស្រា ហើយស្រែកថាស្នេហាជាតិៗ! បែបនេះគឺពិតជាមិនអាចជួយជាតិបានទេ តែវាជាជំងឺរបស់ជាតិទៅវិញទេ។
បន្ទាប់ពីមានការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ស្ថាប័នជាតិសំខាន់ៗបានចេញញត្តិថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញ សមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នា ធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង ផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម៕