ក្រុមគោជំទង់កម្ពុជា ប៉ះ ហ្វីលីពីន នៅរសៀលនេះ មុនត្រឡប់មកកម្ពុជាវិញ
(បាល់ទាត់)៖ នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០ នាទី ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ នឹងលេងប្រកួតបង្រ្គប់កិច្ចរបស់ខ្លួន ដោយត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម១៩ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក ភា សុភ័ត្រ្តា ហាក់ធ្វើមិនបានល្អឡើយ ក្នុងពានរង្វាន់ខាងលើនេះ ដោយ២ប្រកួតកន្លងមក កម្ពុជា មិនទទួលបានពិន្ទុឡើយ ពោលគឺចាញ់ទាំង២ប្រកួត។ ប្រកួតបើឆាក កម្ពុជា បានបរាជ័យក្រោមថ្វីជើង ទីម័រខាងកើត ក្នុងលទ្ធផល ៣ទល់នឹ២ ហើយបន្តចាញ់ ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ២-០ នៅប្រកួតបន្ទាប់។
ឆ្លងកាត់តាមរយៈលទ្ធផលនេះ ក្រុមយុវជនកម្ពុជា អស់ឱកាសឡើងទៅកាន់វគ្គបន្តហើយ ដោយការប្រកួតជាមួយ យុវជនហ្វីលីពីន រសៀលនេះ គ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ ទោះបីឈ្នះ ឬចាញ់ ក៏ត្រូវហាលអាវត្រឹមវគ្គនេះដែរ ខណៈហ្វីលីពីន ដាច់ខាតត្រូវយកឈ្នះ ឬស្មើ កម្ពុជា ដើម្បីមានឱកាសខ្ពស់ឡើងទៅកាន់វគ្គបន្ត។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នឹងប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពានរង្វាន់នេះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រ៕