Close

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-កូរ៉េ កើនដល់ជាង១០០០លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-កូរ៉េ កើនដល់ជាង១០០០លានដុល្លារ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-កូរ៉េ កើនដល់ជាង១០០០លានដុល្លារ

ភ្នំពេញ ៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបតែងតាំងថ្មី ក្នុងឱកាសទទួលបានការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីកូរ៉េខាងត្បូងជូនចំពោះសម្តេចតេជោ និងបានគោរពជម្រាបសម្តេចតេជោថា ឯកឧត្តមបានសិក្សាស្វែងយល់ពីសកម្មភាពរបស់សម្តេចតេជោ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។

ឯកឧត្តម Park Jung Wook បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបសម្តេចតេជោ ដោយបង្ហាញក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោកផង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម Park Jung Wook ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េអំពីដំណើរ និងសាវតារនៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចតេជោ បានយល់ស្របចំពោះការវាយតម្លៃលើភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំពីរ ពីសំណាក់លោកឯកអគ្គរដ្ឋទូត។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ។

ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងវិញ សម្តេចតេជោ បានជម្រាបជូនឯកឧត្តម Park Jung Wook ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ៕

អត្ថបទទាក់ទង