JICA ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ គម្រោងដល់ម្ពុជា មានទឹកប្រាក់ ៥៧,៥លានដុល្លារ
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥ លានដុល្លារ។
ពិធីចុះហត្ថលេខាធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ រវាង លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ។
សេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច នៅក្រោយចុះហត្ថលេខា បានឲ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារអាម៉េរិក។
ដោយឡែក កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma`am-Battambang and Sri Sophorn-Poipet Sections) (III)] មានទឹកប្រាក់ចំនួន ៨ ២៩៣ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៥ លានដុល្លារអាមេរិក។ ឥណទានដំណាក់កាលទី ៣ នេះ គឺជាឥណទានសម្រាប់បំពេញបន្ថែមឲ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈាន ទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមគាំទ្រដល់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងបាន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពី ការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ ២០២៣ ព្រមទាំង ការដាក់ ចេញនូវគំនិតផ្តួចផ្តើមថ្មីៗទៅភាគីមិត្ត ក្នុងការផ្តល់ការសិក្សា និងលើកបេក្ខភាពគម្រោងអាទិភាពបន្ថែមទៀត ដែលមានភាពប្រទាក់ក្រឡាជាមួយគម្រោងអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្តទៀត។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍សំខាន់មួយ ក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការគាំទ្រដល់ការពង្រឹងបន្ថែមទៀតនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា៕