Close

ឆមាសទី ១ ឆ្នំានេះ ចិនជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ មានទុនជាង ១០០០ លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឆមាសទី ១ ឆ្នំានេះ ចិនជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ មានទុនជាង ១០០០ លានដុល្លារ ឆមាសទី ១ ឆ្នំានេះ ចិនជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ មានទុនជាង ១០០០ លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ចិនគឺជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ស្មើនឹង៤២,៦៤% នៃទំហំវិនិយោគសរុប ដែលមានទុនវិនិយោគប្រមាណ ១ ៣៨៩ លានដុល្លារអាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលចូលរួមធ្វើជាសហធិបតីជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង»នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុលបន្តថា គិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗជាច្រើនត្រូវបានលេចចេញជារូបរាងឡើង ហើយបើនិយាយតែនៅក្នុងក្របខណ្ឌនៃការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើន។

ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញលើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនបន្ថែម ឱ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមបណ្តាក់ទុន លើគម្រោងវិនិយោគធំៗនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕

កម្ពុជា និងចិនបានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង»នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងបានក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។

សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។

នៅក្នុងយុគសម័យថ្មីនេះ កម្ពុជា និងចិនបានអនុវត្តផែនការសកម្មភាពនៃការកសាង សហគមន៍វាសនារួមឆ្នាំ២០២៤-២០២៨ ក្រោមការដឹកនាំរបស់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសហប្រធានខាងភាគីកម្ពុជា និងឯកឧត្តម វ៉ាង យី (Wang Yi) ជាសហប្រធានខាងភាគីចិន។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យវឌ្ឍនភាពការងារលើវិស័យអាទិភាពមួយចំនួន ដើម្បី ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕

អត្ថបទទាក់ទង