Close

ធនាគារជាតិនឹងដាក់ឱ្យដំណើរការប្រព័ន្ធបាគង ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ធនាគារជាតិនឹងដាក់ឱ្យដំណើរការប្រព័ន្ធបាគង ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ធនាគារជាតិនឹងដាក់ឱ្យដំណើរការប្រព័ន្ធបាគង ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ

ភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្លែងថា ធនាគារជាតិនឹងដាក់ឱ្យដំណើរការមុខងារថ្មីមួយក្នុងប្រព័ន្ធបាគង ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា នៅពេលខាងមុខនេះ ។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្កដា
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បន្ថែមទៀតថា ភ្ញៀវទេសចរបរទេសគ្រាន់តែដោនឡូតកម្មវិធីបាគង (Bakong App) នៅពេលមកដល់ប្រទេសកម្ពុជា ហើយអាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដែលបានបើក ដោយប្រើប្រាស់ក្រេឌីតកាតVISA Card, Master Card, Union Pay ជាដើម ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន ។

បើតាម លោកស្រី ជា សិរី គម្រោងដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទ Bakong សម្រាប់ភ្ញៀវទេសចរអន្តរជាតិនេះ នឹងត្រូវរៀបចំនៅតាមព្រលានយន្តហោះនិងច្រកចេញចូលនានា ដើម្បីឲ្យភ្ញៀវអន្តរជាតិនោះដែលមកដល់ប្រទេសកម្ពុជា អាចដោនឡូតអាចប្រើប្រាស់ ភ្លាមៗ តែម្ដង។

បាគងគឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ៕

អត្ថបទទាក់ទង