Close

៦ ខែ ឆ្នាំនេះ ការនាំចេញផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជាធ្លាក់ចុះជិត ៤០%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ ការនាំចេញផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជាធ្លាក់ចុះជិត ៤០% ៦ ខែ ឆ្នាំនេះ ការនាំចេញផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជាធ្លាក់ចុះជិត ៤០%

ភ្នំពេញ៖ កត្តានិន្នាការតម្រូវការសកលមានការថមថយបង្ករឡើងដោយសង្គ្រាម ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរឹតត្បិតគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសសេដ្ឋកិច្ចធំៗ ដើម្បីទប់ស្កាត់សម្ពាធអតិផរណាកើនឡើង បានជំរុញឱ្យការនាំចេញផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជា នៅឆមាសទី ១ឆ្នាំ ២០២៤ ធ្លាក់ចុះជិត ៤០ភាគរយ។

យោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញផលិតផលគ្រឿងគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងសម្ភារអគ្គិសនី មានទំហំទឹកប្រាក់ ៩៩៣,១៦លានដុល្លារអាម៉េរិក បានថយចុះ ៣៧,៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាតួលេខធ្លាក់ចុះដ៏ច្រើនសម្រាប់ការនាំចេញមុខទំនិញដែលជាក្តីសង្ឈឹមសម្រាប់ជន្ទុលសេដ្ឋកិច្ចថ្មីរបស់កម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលកន្លងមកមុខទំនិញទាំងនេះ តែងស្ថិតក្នុងបញ្ជីនាំចេញមានកំណើនដ៏ខ្ពស់ ក្នុងចំណោមមុខទំនិញដទៃទៀត។

ប្រភពដែលបន្ថែមថា ជាកាតពិតណាស់ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងសម្ភារអគ្គិសនី ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាឧស្សាហកម្មបង្កើតតម្លៃបន្ថែមខ្ពស់ ដែលគេរំពឹងថា នឹងធ្វើឲ្យប្រទេសកម្ពុជា សម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ស្រង់សំដីដោយ CNC លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា ទោះបីជាការនាំចេញផលិតគ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំ និងសម្ភាអគ្គិសនី នៅឆមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែលោកសង្កេតឃើញថាឧស្សាហកម្មនេះនៅតែដំណើរការជាធម្មតា ដោយមិនបង្ហាញសញ្ញាដួលរលំ ឬគួរព្រួយបារម្ភណាមួយនោះទេ តែផ្ទុយទៅវិញ កម្ពុជា នៅតែជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ឧស្សាហកម្ម ទាំងនេះចូលមកបង្កើតរោងចក្រថ្មីៗជាបន្តបន្ទាប់ ដោយវិនិយោគិនជឿលើអនាគតសេដ្ឋកិច្ចកម្ពុជា ក្រោមគោលបាយគាំពារ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល។

លោកបានពន្យល់ពីមូលហេតុនៃការធ្លាក់ចុះ ការនាំចេញមុខទំនិញគ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំ និងសម្ភារអគ្គិសនី និងកង់ របស់កម្ពុជានាពេលនេះថា គឺបណ្តាលមកពីបញ្ហាសង្គ្រាម និងការដាក់ចេញគោលនយោបាយការរឹតត្បិតរូបិយវត្ថុរបស់បណ្តាប្រទេសសេដ្ឋកិច្ចធំៗ តាមរយៈការដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងសម្ពាធអតិផរណា និងជំរុញកំណើនសេដ្ឋកិច្ចរបស់ពួកគេ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយការចំណាយរបស់ខ្លួនទៅលើមុខទំនិញដែលមិនចាំបាច់នានា ជាពិសេសទៅមុខទំនិញទាំងនេះតែម្តង។

ម៉្យាងវិញទៀត លោកបន្តថា ចំពោះមុខទំនិញសម្ភារអគ្គិសនី ដូចជា ខ្សែភ្លើង ក្រៅពីផលិតសម្រាប់បម្រើឲ្យការនាំចេញ ក៏មានការផ្គត់ផ្គង់នៅក្នុងស្រុកផ្ទាល់ផងដែរ។ ទន្ទឹមនឹងនេះ បើមើលលើមុខទំនិញផ្សេងទៀត ដូចជា វាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ផលិតផលកសិកម្ម និងសំបកកង់រថយន្ត និងមុខទំនិញមួយចំនួនទៀត គឺបានបង្ហាញពីកំណើនដ៏ល្អ ដែលជារួមបានធ្វើឲ្យការនាំចេញសរុបរបស់កម្ពុជា នៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ នៅតែរក្សាបានកំណើនល្អគួរកត់សម្គាល់។

លោករដ្ឋលេខាធិការ បានឲ្យដឹងទៀតថា ផលិតគ្រឿងអឡិចត្រូនិក គ្រឿងបង្គុំ និងសម្ភារអគ្គិសនី ផលិតនៅកម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន សហរដ្ឋអាម៉េរិក អឺរ៉ុប និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។ ហើយផលិតផលគ្រឿងអេឡិចត្រូនិកភាគច្រើនជាប្រភេទ ម៉ូទ័រខ្នាតតូចប្រើសម្រាប់វិស័យសុខាភិបាល រ៉ូបូត និងយានយន្ត។

សូមជម្រាបថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស។ ក្នុងដំណើរអាជីវកម្មដំបូងក្រុមហ៊ុននេះ បានចាប់ផ្តើមដើមទុនដំបូងប្រមាណ ៣២លានដុល្លារអាម៉េរិក ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានបង្កើនដើមទុនវិនិយោគឡើងដល់ជាង ៦០០លានដុល្លារអាម៉េរិក និងគ្រោងបង្កើតរោងចក្រថ្មីមួយកន្លែងទៀត នៅខេត្តពោធិ៍សាត់ ជាមួយទឹកប្រាក់វិនិយោគ ៦៥០លានដុល្លារអាម៉េរិក។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀថា ការនាំចេញមុខទំនិញនានារបស់កម្ពុជា ក្នុងឆមាសទី ១ឆ្នាំ ២០២៤ ឈានដល់តម្លៃទឹកប្រាក់ ១២,២៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ១២,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទទាក់ទង