សហគមន៍កសិកម្មតាសីសាមគ្គីខេត្តបាត់ដំបង ពុំមានការព្រួយបារម្មណ៍រឿងទីផ្សារបន្លែ
ខេត្តបាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គីខេត្តបាត់ដំបងមានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ពុំមានការព្រួយបារម្មណ៍រឿងទីផ្សារបន្លែ បន្ទាប់ពីទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% នៃសំណើទុនវិនិយោគលើផែនការពិពិធកម្មដើម្បី “ពង្រីកខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់”។
លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មតាសីសាមគ្គីខេត្តបាត់ដំបងបានថ្លែងថា ពុំមានការព្រួយបារម្មណ៍រឿងទីផ្សារបន្លែ អ្វីដែលសំខាន់នោះគឺធ្វើយ៉ាងណាឱ្យតម្លៃដើមផលិតទាបអាចប្រកួតប្រជែងនឹងបន្លែនាំចូលបាន ហើយអ្នកផលិតក៏ទទួលបានផលចំណេញ។
លោក ណុប នុន បន្តថា សហគមន៍នេះប្រមូលផលបន្លែចន្លោះ ២តោនកន្លះ ទៅ៣តោនកន្លះក្នុង១ថ្ងៃ។
បើតាម លោក ណុប នុន សហគមន៍កសិកម្មតាសីសាមគ្គីគឺជាសហគមន៍កសិកម្ម១ក្នុងចំណោម ២១ដែលបានទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាដែលគាំទ្រថវិកាដោយធនាគារពិភពលោក សម្រាប់ការសាងសង់ផ្លូវសហគមន៍ ស្រះទឹក ទុនវិនិយោគ ៤០% សម្រាប់ផ្ទះសំណាញ់បន្លែ ប្រព័ន្ធស្រោចស្រព ម៉ាស៊ីនវាយបំបែកដី ម៉ាស៊ីនបូមទឹក ជាដើម។
គម្រោងនេះ អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ៕