Close

ផ្លូវ ជាតិ លេខ៤១ ត្រូវ បាន បើកការដ្ឋានស្ដារ និងលើកកម្ពស់គុណភាពធ្វើឲ្យប្រសើរឡើងវិញក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
ផ្លូវ ជាតិ លេខ៤១ ត្រូវ បាន បើកការដ្ឋានស្ដារ  និងលើកកម្ពស់គុណភាពធ្វើឲ្យប្រសើរឡើងវិញក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន  សែន ផ្លូវ ជាតិ លេខ៤១ ត្រូវ បាន បើកការដ្ឋានស្ដារ និងលើកកម្ពស់គុណភាពធ្វើឲ្យប្រសើរឡើងវិញក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន

ផ្លូវជាតិលេខ៤១ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (ថ្នល់ទទឹង) ខេត្តកណ្ដាល រហូតដល់ ចំណុចប្រសព្វផ្លូវជាតិលេខ៣ ស្រុកជុំគិរី ខេត្តកំពត បានប្រកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ នេះ។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងសរុបប្រមាណ ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ដែលនឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់សរុបចំនួន ៤០ខែ ដែលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ ការសាងសង់គម្រោងនេះគ្រោងនឹងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ៤១ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ដែលឆ្លងកាត់ខេត្តចំនួន ០៤ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ដែលផ្លូវនេះក្រោយបញ្ចប់ការសាងសង់ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផល ដំណាំស្រូវ ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕

អត្ថបទទាក់ទង