ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបគូសបញ្ជាក់ថា ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ។
នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ អង្គការនេះ សង្កត់ធ្ងន់ថា តំបន់ទេសភាពមួយនេះ សំបូរពោរពេញទៅដោយជីវិតសត្វព្រៃចម្រុះប្រភេទ និងជាដែនដីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ។
ប្រភពដដែលបន្ថែមថា មិនថាប្រពៃណី ឬរបៀបរស់នៅរបស់ពួកគេបានផ្សារភ្ជាប់យ៉ាងចាក់ស្រេះទៅនឹងដែនដីព្រៃដ៏ស្រស់ត្រកាល និងពុំទាន់រងការបំផ្លាញមួយនេះ។
ជាមួយគ្នានេះ អង្គការនេះ បន្ថែមថា ឮការចូលរួមការពារព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញមិនត្រឹមតែមានសារៈសំខាន់ក្នុងការរក្សាឱ្យបាននូវបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានាដល់ការរស់រានមានជីវិតនៃប្រភេទសត្វ រុក្ខជាតិ ក៏ដូចជាជីវៈចម្រុះជាច្រើនទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីមួយនេះ។ រីករាយសាទរ ក៏ដូចជាចូលរួមថែរក្សាព្រៃរងទឹកភ្លៀងរបស់កម្ពុជា។
ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ជាព្រៃរងទឹកភ្លៀងដ៏ធំមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដទៃទៀតក្នុងតំបន់អាសុីអាគ្នេយ៍ ដែលមានសារៈសំខាន់សម្រាប់ជីវចម្រុះ រក្សាលំនឹងអាកាសធាតុ និងសម្រាប់ទឹកនៅក្នុងតំបន់។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថកម្ពុជា បានកការពារតំបន់ជួរភ្នំក្រវាញ ដើម្បីកាត់បន្ថយការគំរាមកំហែងដល់តំបន់ជួរភ្នំនេះ ដើម្បីការពារព្រៃរងទឹកភ្លៀងនេះសម្រាប់អនាគតនៃប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕