អ៊ីស្រាអែលនឹងបញ្ជូនក្រុមចរចាទៅទីក្រុងគែរ ដើម្បីចរចាកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាបន្ថែមទៀត
បរទេស៖ ខុទ្ទការល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាបន្ថែមជាមួយអ្នកសម្រុះសម្រួលលើកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយក្រុមហាម៉ាសសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។
អ៊ីស្រាអែលបាននឹងកំពុងបន្តទៅមុខជាមួយនឹងការវាយលុកថ្មីនៅទូទាំងភាគខាងជើង ភាគខាងត្បូង និងកណ្តាលនៃតំបន់ហ្គាហ្សាស្ទ្រីបក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងគោលបំណងបង្កើនសម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅហ្គាហ្សាក្នុងអំឡុងពេលការចរចាបទឈប់បាញ់។
ប្រជាជនប៉ាឡេស្ទីន បានឃើញនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃការបំផ្លិចបំផ្លាញនៅក្នុងសង្កាត់ Gaza City បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញ ក្រោយមានការវាយលុករយៈពេលពីរសប្តាហ៍នៅទីនោះ។ បុគ្គលិកការពារជនស៊ីវិលមា្នក់បាននិយាយថា រហូតមកដល់ពេលនេះ ពួកគេបានរកឃើញសាកសពមនុស្ស ៦០ នាក់នៅក្នុងគំនរបាក់បែក។
ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមធ្វើសង្រ្គាមនៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពីសំណាក់ ក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រត់ធ្វើជាចំណាប់ខ្មាំង ប្រហែល២៥០នាក់ ។
ចាប់តាំងពីពេលនោះមក ការវាយលុក និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣៨,៣០០ នាក់នៅហ្គាហ្សា។ នេះបើតាមក្រសួងសុខាភិបាលប្រចាំតំបន់។
ជាមួយគ្នានោះប្រជាជន ២.៣ លាននាក់នៅហ្គាហ្សាត្រូវបានប្រមូលផ្តុំទៅក្នុងជំរុំតង់នៅភាគខាងត្បូងនៃហ្គាហ្សា។ ប្រជាជនទាំងនោះ មិនមានចំណីអាហារបង្កជាគ្រោះទុរ្ភិក្ស ដោយសារតែក្រុមមនុស្សធម៌មិនអាចចូលទៅជួយ និងផ្តល់ចំណីអាហារបាន ជាមួយនឹងការរឹតត្បិត ការប្រយុទ្ធគ្នា និងសណ្តាប់ធ្នាប់របស់អ៊ីស្រាអែល។
តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានបញ្ជាឱ្យអ៊ីស្រាអែលចាត់វិធានការដើម្បីការពារប៉ាឡេស្ទីន និងបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងមេដឹកនាំអ៊ីស្រាអែល។ទោះជាយ៉ាងណា អ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះ៕