Close

យុវជនបោះបង់ការសិក្សាជាង ២៦០០ នាក់ បានចុះឈ្មោះសិក្សាកម្មវិធីប៊ីប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
យុវជនបោះបង់ការសិក្សាជាង ២៦០០ នាក់ បានចុះឈ្មោះសិក្សាកម្មវិធីប៊ីប យុវជនបោះបង់ការសិក្សាជាង ២៦០០ នាក់ បានចុះឈ្មោះសិក្សាកម្មវិធីប៊ីប

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២០មក មានយុវជនដែលបោះបង់ការសិក្សាជាង ២៦០០ នាក់ បានចុះឈ្មោះសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធីណិត (ប៊ីប)។ នេះ បើតាមរបាយការណ៍ចុះផ្សាយរបស់អង្គការ UNESCO CAMBODIA នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤។

មណ្ឌលសិក្សាកម្មវិធីប៊ីបត្រូវបានបង្កើតឡើង ក្នុងខេត្តក្រុងចំនួន១៧ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះមានក្នុងគ្រិះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមជ្ឈមណ្ឌលយុវជន មជ្ឈមណ្ឌលសិក្សាសហគម អង្គការក្នុងស្រុក សហគ្រាស សមាគមសហគ្រិន និងមណ្ឌលកែប្រែជាដើម។

ក្នុងមណ្ឌលនីមួយៗ ប្អូនៗអាចជួបជាមួយអ្នកសម្របសម្រួល ប្រើប្រាស់កុំព្យូទ័របន្ទះ និងមានសេវាអ៊ីនធឺណិតដោយមិនគិតថ្លៃ។ ដើម្បីសម្រួលដល់ការបន្តចុះឈ្មោះក្នុងវគ្គបណ្តុះបណ្តាលជំនាញ កម្មវិធីប៊ីបរៀបចំការប្រឡងតាមអ៊ីនធឺណិត៤ដងក្នុង១ឆ្នាំ។

នៅចុងសប្តាហ៍នេះ ការប្រឡងបញ្ចប់លើកទីពីរក្នុងឆ្នាំ២០២៤ នឹងរៀបចំឡើងនៅគ្រប់មណ្ឌលសិក្សាប៊ីបទាំងអស់។

កម្មវិធីសមមូលអប់រំកមិ្រតមូលដ្ឋានតាមអ៊ីនធឺណិត(ប៊ីប) គឺជាការផ្តួចផ្តើមរួបរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអង្គការយូណេស្កូ ដើម្បីពង្រីកសេវាអប់រំមូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយនូវបញ្ហាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ។

កម្មវិធីនេះនឹងជួយឲ្យយុវជនកម្ពុជាបញ្ចប់ការអប់រំមូលដ្ឋាន តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធពីរបញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។
ការបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន តាមរយៈកម្មវិធីនេះនឹងជួយពួកគេឲ្យរកការងារបានប្រសើរជាង ឬក៏ទទួលបានការអប់រំបន្តទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ និងបំណិនជីវិត៕


អត្ថបទទាក់ទង