Close

តស់! ឈ្វេងយល់សាវតា នៃផ្លូវសេដ្ឋកិច្ចក្រវាត់ក្រុងទី៣ ឬមហាវិថី ស៊ី ជីនពីង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
តស់! ឈ្វេងយល់សាវតា នៃផ្លូវសេដ្ឋកិច្ចក្រវាត់ក្រុងទី៣ ឬមហាវិថី ស៊ី ជីនពីង តស់! ឈ្វេងយល់សាវតា នៃផ្លូវសេដ្ឋកិច្ចក្រវាត់ក្រុងទី៣ ឬមហាវិថី ស៊ី ជីនពីង

ភ្នំពេញ៖ ផ្លូវក្រវាត់កុ្រងខ្សែទី៣ ឬមហាវិថី ស៊ី ជីនពីង តភ្ជាប់ពីផ្លូវជាតិលេខ៤‍ (NR4 -PK: 14+105 ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ) ភ្ជាប់ទៅផ្លូវជាតិលេខ១(ផ្លូវមេ)(NR1-PK24+840 ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង(ផ្លូវខ្នែង)NR1-PK30+140 ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រប្រវែងសរុប ៥២,៩៨ គ.ម។

ផ្លូវក្រវាត់កុ្រងខ្សែទី៣ មានខ្សែផ្លូវឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ១៧,៧៧០ គ.ម, ខ្សែផ្លូវកាត់ភូមិសាស្រ្តខេត្តកណ្តាល ៣៥,២១៣ គ.ម ដែលមានតម្លៃសាងសង់ ២៦៧,៦៧ លានដុល្លាអាមេរិក ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd និងតម្លៃត្រួតពិនិត្យគម្រោង ៥,៣៨ លានដុល្លាអាមេរិក ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.)។

ក្រវាត់កុ្រងខ្សែទី៣ បើកការដ្ឋានសាងសង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩, បញ្ចប់គម្រោង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញរួមគ្នាសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា“មហាវិថី ស៊ី ជីនពីង” ។

ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា“មហាវិថី ស៊ី ជីនពីង” គឺមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។

រាជរដ្ឋាភិបាលបាមកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សារវីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣។

មហាវិថី ស៊ី ជីនពីង មានតំនរភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ប្រែក្លាយទៅជាតំបន់ក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឲ្យការដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង)របស់មហាអនុតំបន់មេគង្គ៕

អត្ថបទទាក់ទង