Close

អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្ស ២៤ នាក់ នៅតំបន់ហ្គាហ្សា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្ស ២៤ នាក់ នៅតំបន់ហ្គាហ្សា អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្ស ២៤ នាក់ នៅតំបន់ហ្គាហ្សា

ក្រុងគែរ៖ កងកម្លាំងយោធារបស់ប្រទេសអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៤ នាក់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសចំនួនបីដងដាច់ដោយឡែកពីគ្នាកាលពីព្រឹកថ្ងៃអង្គារនៅតំបន់ហ្គាហ្សា។

សេចក្តីរាយការណ៍ពីក្រុមមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សា បាននិយាយថា ក្នុងចំណោមអ្នកដែលបានស្លាប់នោះ រួមមានប្អូនស្រីរបស់ លោក Ismail Haniyeh ជាប្រធានក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស មួយរូបផងដែរ។

ជាមួយគ្នានោះអ្នកស្រុកបាននិយាយថា រថក្រោះប្រទេសអ៊ីស្រាអែលក៏បានចូលជ្រៅទៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Rafah នៅភាគខាងត្បូងនៃតំបន់ជុំវិញមួយយប់ ដោយបានបំផ្ទុះចូលផ្ទះសម្បែងរបស់ពលរដ្ឋនៅទីនោះ។

ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសចំនួនពីររបស់អ៊ីស្រាអែលបានធ្លាក់លើសាលារៀនចំនួនពីរនៅក្នុងទីក្រុង Gaza ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ ។ ការវាយប្រហារមួយទៀតចំផ្ទះជាច្រើនខ្នងនៅក្នុងជំរំ Shati (Beach) ដែលជាជំរំជនភៀសខ្លួនជាប្រវត្តិសាស្ត្រចំនួនប្រាំបីរបស់ Gaza Strip បានសម្លាប់មនុស្ស ១០ នាក់ផ្សេងទៀត។

ចំណែក យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានកំណត់គោលដៅលើពួកសកម្មប្រយុទ្ធនៅក្នុតំបន់ Gaza ដែលបានចូលរួមក្នុងផែនការវាយប្រហារលើអ៊ីស្រាអែល។ ពួកសកម្មប្រយុទ្ធរួមមានមួយចំនួនដែលជាប់ពាក់ព័ន្ធក្នុងការចាប់ចំណាប់ខ្មាំងជាឈ្លើយសឹក និងខ្លះទៀតដែលបានចូលរួមក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា។

កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារលើសំណង់ពីរដែលត្រូវបានប្រើដោយភេរវករហាម៉ាសនៅតំបន់ Shati និង Daraj Tuffah នៅភាគខាងជើង Gaza Strip។
សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា ភេរវករបានធ្វើប្រតិបត្តិការនៅខាងក្នុងបរិវេណសាលា ដែលត្រូវបានក្រុមហាម៉ាសប្រើប្រាស់ជាខែលសម្រាប់សកម្មភាពភេរវកររបស់ខ្លួន”។

ទោះជាយ៉ាងណា ក្រុម Hamas បានបដិសេធការប្រើប្រាស់កន្លែងស៊ីវិលដូចជាសាលារៀន និងមន្ទីរពេទ្យក្នុងគោលបំណងយោធា។ ក្រុមនេះបានពណ៌នាការវាយប្រហារលើសាលាពីរនិងលំនៅឋានរបស់ប្រជាពលរដ្ឋនៅជំរំ Shati ថាជាការសម្លាប់រង្គាល។

ដោយឡែក ក្រុមប្រដាប់អាវុធនៃក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ្នកប្រយុទ្ធរបស់ពួកគេបានបាញ់គ្រាប់បែកត្បាល់មួយប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលនៅក្នុងសង្កាត់ Yibna នៃភាគខាងកើត Rafah ។

នៅតំបន់ Khan Younis ក្បែរនោះ ក្រុមគ្រូពេទ្យបាននិយាយថា ការបាញ់ផ្លោងរថក្រោះរបស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសនៅឯជំរុំតង់មួយនៅភាគខាងលិចនៃទីក្រុង។

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយថា ភាពចលាចលកំពុងកំពុងតែកើតមាននៅតំបន់ហ្គាហ្សា ខណៈដែលក្រុមរត់ពន្ធបានបង្កើតឡើង និងបន្ថែមការលំបាកក្នុងការផ្តល់ជំនួយដល់ប្រជាជនស៊ីវិល ដែលត្រូវការយ៉ាងខ្លាំង។

ក្រុមអ្នកឃ្លាំមើលបាននិយាយកាលពីថ្ងៃអង្គារថា ហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្សក៏នៅតែបន្តកើតមានពាសពេញតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលជម្លោះបានផ្ទុះឡើង បានធ្វើឱ្យមានការលំបាកក្នុងចូលទៅធ្វើមនុស្សធម៌។

រយៈពេលជាងប្រាំបីខែនៃការប្រយុទ្ធគ្នា ការសម្រុះសម្រួលអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិករហូតមកដល់ពេលនេះបានបរាជ័យក្នុងការនាំយកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ ក្រុម Hamas និយាយថា កិច្ចព្រមព្រៀងណាមួយត្រូវតែបញ្ចប់សង្គ្រាម ខណៈដែលអ៊ីស្រាអែលនិយាយថា ខ្លួននឹងយល់ព្រមផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធរហូតដល់ក្រុមហាម៉ាស់ត្រូវបានលុបបំបាត់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ដំណាក់កាលនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាសនឹងបញ្ចប់ “ក្នុងពេលឆាប់ៗនេះ” ហើយនឹងពង្រាយកងកម្លាំងបន្ថែមទៀត នៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលនិងប្រទេសលីបង់ ដែលជាកន្លែងប្រយុទ្ធជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានកើនឡើងកាលពីពេលថ្មីៗនេះ ៕

អត្ថបទទាក់ទង