Close

ឆ្នាំ ២០២៤ សហគមន៍ស្រូវមិត្ដក្រៀលកើនឡើងសមាជិក ១២០គ្រួសារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឆ្នាំ ២០២៤ សហគមន៍ស្រូវមិត្ដក្រៀលកើនឡើងសមាជិក ១២០គ្រួសារ ឆ្នាំ ២០២៤ សហគមន៍ស្រូវមិត្ដក្រៀលកើនឡើងសមាជិក ១២០គ្រួសារ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះកសិករថ្មីចំនួន២៥គ្រួសារផ្សេងទៀតបានស្ម័គ្រចិត្តចូលរួមធ្វើស្រូវមិត្តក្រៀលដែលធ្វើឱ្យសមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលកើនឡើង១២០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប១៤៨ហិចតា។

អ្នកស្រី ឆេង សុវណ្ណា ដែលជាប្រធានក្រុមនៃសហគមន៍ស្រូវមិត្ដក្រៀលភូមិអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងថា កសិករភាគច្រើនដែលរស់នៅជុំវិញ តំបន់ការពារទេសភាពអន្លង់ព្រីង បានចាប់អារម្មណ៍និងចូលរួមជាមួយសមាជិក សហគមន៍ ស្រូវមិត្ដក្រៀល ដោយយល់ច្បាស់អំពីអត្ថប្រយោជន៍ ដែលពួកគាត់ទទួលបាន ពីគម្រោង និងសារៈសំខាន់នៃការចូលរួមអភិរក្សសត្វក្រៀល សម្រាប់សហគមន៍របស់ពួកគាត់ ទាំងមូល។

គួរបញ្ចាក់ផងដែរថាកសិករជាសមាជិក របស់សហគមន៍ស្រូវមិត្ដក្រៀល ត្រូវស្ម័គ្រចិត្តអនុវត្ត លក្ខខ័ណ្ឌទាំង១២ នៃគោលការណ៍ស្រូវមិត្កក្រៀលដែល មានចែងក្នុងកិច្ចសន្យា ដែលបានទទួលស្គាល់ ដោយអាជ្ញាធរមូលដ្ឋាន។

កសិករដែលអនុវត្តតាមគោលការណ៍ បានត្រឹមត្រូវ និងទទួលបានការគាំទ្របច្ចេកទេស ដំាដុះ ជីសរីរាង្គ ពូជស្រូវនិងគម្រោងទទួលទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារ។

សូមរំលឹកថា សត្វក្រៀលចំនួន១៦ក្បាលត្រូវបានក្រុមការងារយើងកត់ត្រាថាជាហ្វូងដែលបានចាកចេញចុងក្រោយពីតំបន់ការពារទេសភាពអន្លង់ព្រីងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ទៅទីតាំងបន្តពូជ។

សត្វក្រៀលបំលាស់ទីមកតំបន់អន្លង់ព្រីងចាប់ពីខែធ្នូដល់ខែឧសភា ពូកវារកចំណីក្នុងតំបន់ការពារនិងក្នុងស្រែរបស់កសិករជាពិសេសស្រែស្រូវមិត្តក្រៀល។

ឆ្នាំនេះតំបន់ដីសើមអន្លង់ព្រីងក៏ដូចជាតំបន់ផ្សេងៗទៀតដែររងការប៉ះពាល់ដោយកំដៅ និងការរីងស្ងួតខ្លាំង ដែលបណ្តាលអោយសត្វក្រៀលខ្វះទឹកសាប។

បរិភោគអង្ករមិត្តក្រៀលគឺចូលរួមការពារសត្វក្រៀលកម្រនិងឈានទៅជិតផុតពូជរបស់យើងទាំងអស់គ្នា៕

អត្ថបទទាក់ទង